(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ពិសេសការបង្ក្រាបបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន ពិតជាកិច្ចការដ៏សំខាន់បំផុត ដើម្បីលក្ខណៈការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរយើងនេះ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ និងកម្លាំងប្រជាការពារ នៅទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។

តាមរបាយការណ៍ស្វាគមន៍របស់អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានឲ្យដឹងថា ក្នុងខែមីនា កន្លងទៅនេះ ស្រុកកណ្តាលស្ទឹង មានបទល្មើសនានាកើតឡើងមានចំនួន១២លើក លើ៩លើក បើប្រៀបធៀបរយៈ ពេលដូចគ្នាក្នុងខែមុនមានការកើនឡើង៣លើក។ គ្រោះថ្នាក់ចរាចរណ៍រកើតមាន៨លើក លើ៩លើក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមុនមានការថយចុះ១លើក បណ្តាលឲ្យស្លាប់២នាក់ របួស៨នាក់។ ការបង្ក្រាបបទល្មើសគ្រឿងញៀនបាន៥លើក លើ៤លើក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមុនមានការកើនឡើង១លើក ឃាត់ខ្លួនជនសង្ស័យចាត់វិធានការផ្លូវច្បាប់ចំនួន៧នាក់ រួមទាំងវត្ថុតាងម៉ាទឹកក៤២កញ្ចប់ រថយន្ត ១គ្រឿង និងទូរស័ព្ទ១គ្រឿង នៅចំណុចឃុំព្រះពុទ្ធ ឃុំដើមឬស ឃុំជើងកើប ឃុំបឹងខ្យាង និងឃុំគោកត្រប់។

កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាស់វៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការថែរក្សាសមិទ្ធផលសន្តិភាព សន្តិសុខ និងសេដ្ឋកិច្ចសង្គម ប្រមុខរាជរដ្ឋភិបាល បានយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញបទបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពណៃការអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោកជាតិ ទាំងក្រជួកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

នាយឧត្តមសេនីយ៍បានបន្តថា ដើម្បីឲ្យកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះសម្រេចទៅបាន ទាល់តែមានការចូលរួមពីមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមាន៖ កងនគរបាល កងរាជអាវុធហត្ថ កងទ័ព ប្រជាការពារ ព្រមទាំងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាការពារស្រុកកណ្តាលស្ទឹង បន្តចូលរួមថែរក្សាសន្តិភាព និងភាពសុខសាន្ត សុខដុមរមនារបស់សង្គមជាតិ ពិសេសអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ និងការបង្ក្រាបបញ្ហាគ្រឿងញៀន ស្របតាមអនុសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីបង្កលក្ខណៈការសប្បាយ រីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាការលើកទឹកចិត្តដល់មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល, កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាការពារចំនួនជាង២ពាន់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល និងបានផ្តល់បន្ថែមដល់សាលាស្រុកកណ្តាលស្ទឹងថវិកាចំនួន ២លានរៀល នគរបាលស្រុកថវិកា ៥លានរៀល ផ្នែកសឹករងស្រុកថវិកា ១លាន៥សែនរៀល និងប្រជាការពារទូទាំងស្រុកថវិកា ១០លានរៀលទៀតផងដែរ៕