(ភ្នំពេញ)៖ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងពេលកាន់តួនាទីជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដោយបានធ្វើឱ្យកម្ពុជាមានការរីក​ចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។ លោក មីឆែល យ៉េវ ចង់ឃើញសម្តេចតេជោ ចែករំលែកបទ​ពិសោធ​ន៍​​នៃការដឹកនាំនេះ ទៅកាន់បណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ាន។

ការកោតសរសើររបស់លោក មីឆែល យ៉េវ ចំពោះការដឹកនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពេល​ចូល​ជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរតទស្សនកិច្ចរបស់លោក តាន់ស្រ៊ី មីឆែល យ៉េវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក និងគណៈប្រតិភូនៅកម្ពុជា។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក មីឆែល យ៉េវ ដែលតែងតែគាំទ្រ​កម្ពុជា​​ជាហូរហែរ ជាពិសេស​ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ២០២២។ សម្តេចតេជោ ក៏បានអរគុណវិទ្យាស្ថាន KSI ដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំឆ្នើមនៅអាស៊ាន ដែលបានកាន់ញញួរ អា​ស៊ាន​ ​​រហូតដល់ទៅ៣ដង។ សម្ដេចតេជោ ក៏បានសម្ដែងការរីករាយ ដែលបានធ្វើការជាមួយលោក មី​ឆែល យ៉េវ រយៈពេលជាងដប់ឆ្នាំកន្លងនេះ។

លោក មីឆែល យ៉េវ បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែង​ការ​គួរសមក្នុងពេលរូបលោកបំពេញទស្សនកិច្ចនៅកម្ពុជា។ ប្រធានវិទ្យាស្ថាន KSI ក៏បានសំដែងការកោត​សរសើរ​ចំពោះ​ការដឹកនាំរបស់សម្ដេចតេជោ។ លោក មីឆែល យ៉េវ បានគូសបញ្ជាក់ថា ចាប់តាំងពីលោក​គ្រប់​គ្រង KSI មក លោក​បានកត់សម្គាល់ឃើញថា កម្ពុជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងសម្បើម ដែល​បង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ ហើយសង្ឃឹមថា សម្ដេចតេជោ នឹងមានការចែករំលែកនូវការ​ដឹកនាំ​របស់សម្ដេច ប្រកបដោយប្រសិទ្ធភាពនេះដល់បណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។

លោក មីឆែល យ៉េវ បានគូសរំលេចថា ការដឹកនាំរបស់សម្ដេចតេជោ បាននាំមកនូវស្ថិរភាព សន្តិសុខដល់​កម្ពុជា ធ្វើឱ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ហើយប្រែក្លាយប្រទេសកម្ពុជាទៅជា​ប្រទេស​មាន​ការ​អភិវឌ្ឍលឿននៅក្នុងតំបន់។

លោក មីឆែល យ៉េវ ក៏បានសំដែងការចាប់អារម្មណ៍ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រោយពីបានជួប​ពិភាក្សា​ការងារផ្ទាល់ជាមួយសម្តេចធិបតី។ លោកប្រធានវិទ្យាស្ថាន ​KSI បានមានប្រសាសន៍ថា សម្ដេច ធិបតីនាយក​រដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មានភាពឆ្លាតវៃក្នុងការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិប តី នឹងបន្តបេសកកម្មសម្ដេចតេជោ ដឹកនាំកម្ពុជាទៅរកការរីកចម្រើនក្នុងសម័យកាលថ្មីមួយថែមទៀត។

លោក មីឆែល យ៉េវ បានជម្រាបសម្ដេចតេជោផងដែរថា លោកគ្រោងនាំមកនូវសហគ្រិន អ្នកវិនិយោគ​ជា​ច្រើន ដែលផ្ដោតទៅលើវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស។ លោកក៏​បាន​ជម្រាបជូនសម្ដេចតេជោ ពីការរៀបចំនូវវេទិកាផ្នែកបច្ចេកវិទ្យា និងការធ្វើធុរកិច្ចសំខាន់ ដែលគ្រោង​រៀប​ចំនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ទាំងពីរនោះ រួមមាន៖

ទី១៖ កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Econo​mic and Technology Summit 2024)

ទី២៖ កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit) ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក វិនិយោគិនពីអាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ជាពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ។

លោកសង្ឃឹមថា វេទិកា​ទាំង​ពីរនេះនឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឱ្យកម្មវិធីនានា ចូលរួមដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ផ្ដល់យោបល់បន្ថែមថា សូមឱ្យមានការគិតគូរធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើពាណិជ្ជកម្មអាស៊ាន និងចិន។ សម្ដេចតេជោ ចាត់ទុក​ប្រទេស​ចិន គឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយ​បើប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការ​របស់​ចិន គឺធំធេងណាស់ ដូច្នេះត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ។ សម្ដេចតេជោ បាន​ធ្វើការ​ប្រៀបធៀបក្នុងសម័យកូវីដ១៩ ដែលពីមុននោះគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញនៅពេលការរារាំង​ដោយ​ជំងឺកូវីដ១៩ ពាណិជ្ជកម្មរបស់កម្ពុជា និងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយវៀតណាម ជាមួយ​ថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬអាចលើសទ្វេដងទៅទៀត។ ដូច្នេះ សម្ដេច​តេជោ​បានផ្ដល់យោបល់ឱ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែល​មានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ាននេះ មិនព្រួយបារម្ភពីការខ្វះស្បៀង​នោះ​ទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយ​ចំនួន​ទៀត គឺជាប្រទេសនាំចូលនូវស្បៀងអាហារ ដូច្នេះបណ្តាប្រទេសសមាជិកអាស៊ាន​អាចបំពេញឱ្យ​គ្នាទៅ​វិញ​ទៅមក ហើយត្រូវខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។

សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យវិទ្យាស្ថាន KSI និង AVI របស់កម្ពុជា សិក្សារួមគ្នា ជំរុញទំនាក់​ទំនង​រកទីផ្សារក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោក មីឆែល យ៉េវ និងប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរ​ទស្សនកិច្ច​នៅកម្ពុជា និងជូនពរឱ្យការរៀបចំកិច្ចប្រជុំកំពូលទាំងពីរនៅខែវិច្ឆិកាខាងមុខនេះ ទទួលបាន​ជោគជ័យ៕