(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ទៅកាន់អ្នក​ធ្វើធុរកិច្ច ដើម្បីឱ្យអ្នកធ្វើធុរកិច្ចបានជ្រូតជ្រាបកាន់តែច្បាស់ពីច្បាប់វិនិយោគរបស់កម្ពុជា។

ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន អនុគណៈកម្មការវិនិយោគ​រាជធា​នី​-ខេត្ត​ទាំង​២៥ សមាគមឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធប្រមាណ ២៥០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិត​បទ​ដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធនីតិវិធីនៃ​ការ​ចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល តាមរយៈការធ្វើ​បទ​បង្ហាញរបស់អគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក.អ.ក.។

ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា ដែលរៀបចំ និងកែសម្រួលថ្មី ជាច្បាប់វិនិយោគដែលមាន​ភាព​បើកចំហរ​ជូន​​គ្រប់​វិនិ​យោ​គិន មិនថាវិនិយោគិនខ្មែរ ឬបរទេសនោះទេ។ ច្បាប់ថ្មីនេះត្រូវបានព្រះមហាក្សត្រ ឡាយ​ព្រះ​ហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ច្បាប់វិនិយោគនេះ ត្រូវបាន​ធនាគារពិភពលោក (World Bank) លើកឡើងថា ​ជាច្បាប់ដែលមានភាពបើកចំហរ​ទូលំទូលាយ​ជាង​គេ​នៅក្នុងតំបន់។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្រើប្រាស់សំឡេងតែមួយរួមគ្នា ក្នុង​ការ​​ទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពល​ដែលកម្ពុជា​មាន​ដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុក​ដាក់​រៀប​​ចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថាន​ភាព​​ទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះ​ពន្ធ EBA ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងរៀបចំបន្ថែមទៀតលើការផលិត​វីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយ​ដែល​នឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាព​បន្ថែម​ទៀតជូនវិនិយោគិន។

ជាលទ្ធផលនៃសិក្ខាសាលានេះ បានអនុញ្ញាតឱ្យអ្នកចូលរួមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពី​ច្បាប់ស្តី​ពី​វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងទទួលស្គាល់លើការប្រើប្រាស់ភាសាតែមួយ សម្លេងតែមួយសម្រាប់ការចែករំលែកព័ត៌មាននៃសក្ដានុពលរបស់កម្ពុជាទាក់ទាញវិនិយោគិន ស្របតាម​ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ អង្គពិធីបានឯកភាពលើការសហការពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា ក៏ដូចជាសភាពាណិជ្ជកម្ម​កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំសៀវភៅដែលជាបញ្ជីសក្ដានុពលវិនិយោគរបស់បណ្ដា​រាជធានី-ខេត្ត​ទាំង២៥។

សូមជម្រាបជូនថា គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុប​ប្រមាណ ៤ពាន់​លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន ១៨០ ២២៥កន្លែង។ បើប្រៀប​ធៀបរយៈពេល ៦ខែ​ដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការ​កើនឡើងចំនួន ៨៣​គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣,១០០លានដុល្លារអាមេរិក៕