(ភ្នំពេញ)៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកបុគ្គលដែលបន្លំខ្លួន ជាមន្ត្រីបម្រើការងារ នៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសបោកយកម៉ូតូគេ មកចាត់ការតាមនីតិវិធី ដើម្បីកុំឱ្យបុគ្គលនេះ ចេះតែហ៊ានបន្លំប្រើប្រាស់ឈ្មោះជាសមត្ថកិច្ច ទៅប្រព្រឹត្តអំពីបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ។

ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយ លើគណនីហ្វេសបុក CPNS NEWS និង FK NEWS MEDIA ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត ដែលផ្សាយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ អំពីករណីយុវជនរងគ្រោះម្នាក់ ត្រូវបានមិត្តភក្តិរបស់ខ្លួន ដែលអះអាងថាជាមន្ត្រីបម្រើការងារនៅការិយាល័យ ក៤ មន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូ ១គ្រឿងទៅបាត់ក្នុងពេលផឹកស៊ីជាមួយគ្នា នៅហាងមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីបានទទួលព័ត៌មាន ដែលចុះផ្សាយក្នុងហ្វេសប៊ុកនេះ ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវភ្លាមៗ ចំពោះបុរសដែលអះអាងថា ខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀន ដោយពិនិត្យទៅតាមមុខមាត់ រូបរាង ភិនភាគ ដូចដែលក្នុងព័ត៌មានបានចុះផ្សាយ ប៉ុន្តែមន្ទីរប្រឆាំងគ្រឿងញៀន រកមិនឃើញមានមន្ត្រីរបស់ខ្លួនណាម្នាក់ មានមុខមាត់ រូបរាងដូចជននោះឡើយ ដូច្នេះជនដែលបោកយកម៉ូតូពីមិត្តភក្តិ គឺជាជនក្លែងបន្លំជាមន្ត្រីនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន។

មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះបណ្តាអង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏សំណូមពរដល់បងប្អូន ជាអ្នកសារព័ត៌មានមុននឹងផ្សព្វផ្សាយ នូវព័ត៌មានអ្វីមួយពាក់ព័ន្ធ នឹងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយនោះ អាចធ្វើការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន ៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) ដើម្បីជៀងវាងផ្សាយមិនច្បាស់ អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយស របស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម៕