(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ផ្តល់នូវអនុសាសន៍៤ចំណុច ដើម្បីជួយតម្រង់ទិសដៅការងារ របស់ក្រសួងផែនការ ដូចខាងក្រោម៖

ទី១៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់ សម្រាប់អនុវត្តយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ ក៏ដូចជាគោលនយោបាយ និង របៀបវារៈផ្សេងៗ សម្ដេចសូមស្នើឲ្យ ក្រសួងផែនការពន្លឿន ការរៀបចំផែនការយុទ្ធសាស្ត្រ ឲ្យបានទាន់ពេលវេលា ។

ទី២៖ សម្ដេចធ្លាប់បានផ្ដល់ការណែនាំរួចហើយ កាលពីពិធីផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២» នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ពេលនេះ សម្ដេចសូមផ្ដល់ការណែនាំបន្ថែម ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាព មន្ដ្រីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិត ទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឲ្យទៅជាព័ត៌មានលម្អិត, ជាក់លាក់, គ្រប់គ្រាន់, ទាន់ពេល និងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាល ប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន, ការវិភាគរកបញ្ហា និង ការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ។

ទី៣៖ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រ ឲ្យបានជាអតិបរមា និងបញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចាស់ ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, សម្ដេចស្នើឲ្យក្រសួងផែនការគិតគូរ ឲ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការ ប្រជាសាស្ត្រ និង បម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូ នៃយន្តការគាំទ្រសង្គមដល់យុវវយ និងគ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

ទី៤៖ ទាក់ទងនឹងសាលាជាតិផែនការ និងស្ថិតិ, សម្ដេចស្នើឲ្យក្រសួងផែនការពិភាក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការ និង ស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីពង្រឹង និង ពង្រីកវិសាលភាពតួនាទី និងភារកិច្ចឲ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព ក្នុងការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការដល់មន្ត្រីរាជការ និង មន្ត្រីបន្តវេន ជាអ្នកគ្រប់គ្រង និង ជាអ្នកដឹកនាំ ដោយមានធនធានថវិកាគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការងារ អប់រំ និង បណ្ដុះបណ្តាលប្រកបដោយគុណភាព និង សមត្ថភាព។ សាលាជាតិផែនការ និង ស្ថិតិត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន, ទាំងសមត្ថភាពរបស់គ្រូ និង សមត្ថភាពស្ថាប័ន ដើម្បីជាមូលដ្ឋានគ្រឹះ អប់រំ និង បណ្តុះបណ្តាលដ៏រឹងមាំ។

សូមជម្រាបថា ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ សម្របសម្រួល និងគ្រប់គ្រងការងារវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្រសួងផែនការ មានភារកិច្ចដឹកនាំ រៀបចំ និងកំណត់ចក្ខុវិស័យគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីអាទិភាពសម្រាប់អភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត, ការងារផលិត ចងក្រង និងគ្រប់គ្រងទិន្នន័យ និងស្ថិតិជាតិ តាមរយៈការធ្វើជំរឿន និងអង្កេត ព្រមទាំងផ្ដល់ការគាំទ្របច្ចេកទេសទាក់ទងការធ្វើអង្កេតតាមវិស័យ, និងសិក្សាស្រាវជ្រាវអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច សង្គម-ប្រជាសាស្ត្រ សង្គម-វប្បធម៌ និងសង្គម-បរិស្ថាន -ល-៕