(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈវគ្គទីពីរទៅដល់យុវជនក្រុមគោលដៅតាមសហគមន៍ដើម្បីផ្តល់ព័ត៌មានអំពីការសិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមប្រចាំខែ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៤ដើម្បីបន្តជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានចូលសិក្សានៅវគ្គទី២ ខណៈដែលវគ្គទី១នឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ ត្រូវបានបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូនលើវិស័យចំនួន១០ និង៣៨មុខជំនាញ ព្រមទាំងបាន និងកំពុងចុះកម្មសិក្សាតាមរោងចកហរ សហគ្រាសដើម្បីអនុវត្តការងារជាក់ស្តែងបន្ថែមលើមេរៀនដែលបានសិក្សា។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដើម្បីផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាឱ្យមានការងារសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរបន្ថែមទៀត។ យន្តការនេះ ក៏ជាយុទ្ធសាស្ត្រដើម្បីប្រែក្លាយកម្ពុជាទៅប្រជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងការងារដែលមានជំនាញ៕