(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងផែនការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការនិងស្ថិតិ ទៅជាគ្រឹះស្ថានសាធារណរដ្ឋបាលដើម្បីពង្រឹងនិងពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពក្នុងបណ្ដុះបណ្ដាលវគ្គវិក្រឹតការ និងសុក្រឹតការដល់មន្ត្រីរាជការ និងមន្ត្រីបន្តវេនជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ។

ការថ្លែងរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងផែនការ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេធិបតីបានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងសាលាជាតិផែនការនិងស្ថិត ខ្ញុំសូមឲ្យក្រសួងផែនការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការនិងស្ថិតិ ទៅជាគ្រឹះស្ថានសាធារណរដ្ឋបាលដើម្បីពង្រឹងនិងពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពក្នុងបណ្ដុះបណ្ដាលវគ្គវិក្រឹតការ និងសុក្រឹតការដល់មន្ត្រីរាជការ និងមន្ត្រីបន្តវេនជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ»

សម្ដេចធិបតីបានបន្តថា ដើម្បីទ្រទ្រង់ការងារអប់រំបណ្ដុះបណ្ដាលប្រកបដោយគុណភាព និងសមត្ថភាព សាលាជាតិផែនការនិងស្ថិតិត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងសមត្ថភាពគ្រូ និងសមត្ថភាពស្ថាប័ន ដើម្បីជាមូលដ្ឋានគ្រឹះអប់រំ និងបណ្ដុះបណ្ដាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជាតិផែនការនិងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលធនធានមនុស្សមួយដ៏មានសារសំខាន់លើវិស័យផែនការ, ស្ថិតិ និងប្រជាសាស្ត្រ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស៕