(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាត ក្រសួងផែនការ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិន្នន័យច្បាស់លាស់ ធ្វើឱ្យការដាក់ចេញផែនការបានត្រឹមត្រូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំជាតិ ទាមទារឱ្យមានផែនការច្បាស់លាស់ មិនអាចធ្វើតាមការស្រមើស្រមៃនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និង បុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត, ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការ សម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារ ក្នុងបរិការណ៍អន្តរជាតិជាច្រើនទៀត រួមមានការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, ការងារពង្រឹង និងតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និង ការអភិវឌ្ឍ និងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ, ស្ថិតិ និង ប្រជាសាស្ត្រ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់សម្រាប់អនុវត្តយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងរបៀបវារៈផ្សេងៗ សម្តេចសូមស្នើឱ្យក្រសួងផែនការ ពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានទាន់ពេលវេលា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផ្ដល់ការណែនាំបន្ថែម «ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានលម្អិត, ជាក់លាក់, គ្រប់គ្រាន់, ទាន់ពេល និង មានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន, ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ»

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និង ភាគលាភយេនឌ័រ ឱ្យបានជាអតិបរមា និង បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និង ប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការ ប្រជាសាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូ នៃយន្តការគាំទ្រសង្គមដល់យុវវយ និងគ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាក់ទងនឹងសាលាជាតិផែនការ និង ស្ថិតិ, សម្តេចស្នើឱ្យក្រសួងផែនការពិភាក្សា ជាមួយនឹង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការ និង ស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីពង្រឹង និង ពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន។

* កម្មវិធីបិទសន្និបាត​បានបិទបញ្ចប់នៅវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃទី០៩​ខែមេសា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕