(ស្ទឹងត្រែង)៖ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានបើកសន្និតបាតបូលសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចបន្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ទន់ វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង​បានជម្រាបជូនពីរបាយការណ៍និងលទ្ធផលការងារលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខភិបាលខេត្តបានកោតសរសើនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការបុគ្គលិកទាំងអស់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចការងារ ដ៏ឧត្តុងឧត្តម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការជួយអាយុជីវិតប្រជាជន ពិសេសអ្នកក្រីក្រ និងអ្នករស់នៅជនបទដាច់ស្រយោល ដែលតែងតែផ្ញើវាសនាលើក្រុមគ្រូពេទ្យព្យាបាលថែទាំជំងឺ។

លោកវេជ្ជបណ្ឌិតចាត់ទុកថាការខិតខំបំពេញភារកិច្ចការងារជួយអាយុជីវិតប្រជាជនរបស់មន្ត្រីសុខាភិបាលខេត្តគឺជាសកម្មភាពមនុស្សធម៍មួយដែលមិនអាចកាត់ថ្លៃបាននៅក្នុងដំណើររួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងរបស់យើងតែម្តង។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានបន្តថា ទន្ទឹមនឹងជោគជ័យដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទទួលបាន ក៏នៅមានការងារប្រឈមជាច្រើន ទៀតដែលមន្ទីរសុខាភិបាល ត្រូវខិតខំយកចិត្តទុកដាក់ប្រយុទ្ធ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពរីកចម្រើន និងកើនបាននូវជំនឿទុកចិត្ត ពីប្រជាជនកាន់តែខ្លាំងឡើងៗ។

បញ្ហាសុខភាពរបស់ប្រជាជនមួយចំនួនធំពុំទាន់បានល្អនៅឡើយ ពិសេសប្រជាជនក្រីក្ររស់នៅតាមតំបន់ជនបទដាច់ស្រយាល ដែលជួបការលំបាកក្នុងការស្វែងរកសេវាសុខាភិបាលក្នុងកាលៈទេសៈដែលមូលដ្ឋានសុខាភិបាល ពុំទាន់បានគ្របដណ្តប់សមស្របទៅនឹងកំណើននៃប្រជាជន និងកំណើននៃតំរូវការសេវាសុខាភិបាលសាធារណៈ។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការលើកស្ទួយសុខភាពប្រជាជនបានល្អប្រសើរ មានន័យថា ចូលរួមកាត់បន្ថយភាពក្រីក្រជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល។ ចក្ខុវិស័យទូលំទូលាយនិងយូរអង្វែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាជាតិ គឺបន្តលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យសុខាភិបាល ដើម្បីលើកស្ទួយសុខភាព និងសុខមាលភាពរបស់ ប្រជាជនកម្ពុជាគ្រប់រូបឲ្យកាន់តែល្អប្រសើរឡើង ពិសេសប្រជាជនក្រីក្រជនងាយរងគ្រោះ ស្ត្រី កុមារ យុវវ័យ និងជនចាស់ជរា សំដៅរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅ។ ឆ្លើយតបទៅនឹងចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការសុខាភិបាលខេត្តស្ទឹងត្រែង គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តន៍អន្តរាគមន៍សុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជ មាតា ទារក និង កុមារ ការងារប្រយុទ្ធនឹងជម្ងឺឆ្លង, ការងារប្រយុទ្ធនឹងជម្ងឺមិនឆ្លង និងការងារពង្រឹង ប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំថែមទៀត។

គួបញ្ជាក់ផងដែរថា សន្និបាតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ អង្គសន្និបាតធ្វើនិងការបូកសរុប តាមដានត្រួតពិនិត្យ ពិភាក្សា វាយតំលៃការអនុវត្តន៍ការងារកន្លងមក រកឲ្យឃើញ និងខិតខំដោះស្រាយចំណុចអសកម្មនានា ដើម្បីធ្វើការកំណត់ផែនការ ទិសដៅ និងសកម្មភាពសំខាន់ៗឲ្យបានសមស្របសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ និងឆ្នាំ បន្តបន្ទាប់ឲ្យកាន់តែប្រសើរឡើងថែមទៀត៕