(ឧត្តរមានជ័យ)៖​ បើយោងតាម​សេចក្តីរាយការណ៍ ពីមន្រ្តីនគបាលខេត្តឧត្តរមានជ័យ ​ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៦ នេះថា ទាហានថៃបានបាញ់សម្លាប់​ប្រជាពលរដ្ឋ ដែល​ឡើងទៅកាប់ឈើក្រញូង នៅចន្លោះភូមិសាស្ដ្រ បង្គោលព្រំដែនលេខ៥-៤  ចំងាយពីតំបន់ព្រំដែន​ប្រហែលជា​ ៣គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីថៃបណ្តាលឲ្យ ស្លាប់​មនុស្សម្នាក់​​​ និងរងរបួសម្នាក់​ ក្នុងចំណោមប្រជាពលរដ្ឋ៦​នាក់ នៅថ្ងៃមិ្សលមិញនេះ។

មន្ដ្រីដដែល បានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៦នាក់ នោះទី១-ឈ្មោះ​​ អៀត អូន​​​ អាយុ៣១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ​ មានទីលំនៅភូមិសាមគ្គី ឃុត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ ទី២-ឈ្មោះ​ អុល យ៉េត អាយុ៤៩ឆ្នាំ​ (របួស) ​ទី៣-ឈ្មោះ​ យ៉េត  កែវ អាយុ២៧ឆ្នាំ​ ទី៤-ឈ្មោះ​ ហ៊ាន ប៊ុល​​ អាយុ២៦ឆ្នាំ​​ មានទីលំនៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង (របួសធ្ងន់) ទី៥-ឈ្មោះ ឈឹម សាវី​ អាយុ៣៣ឆ្នាំ​​ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ  ស្រុកអន្លងវែង និងទី៦-ឈ្មោះ​ ប៊ុត សួស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

បច្ចុប្បន្នមន្ដ្រីជំនាញកម្ពុជា កំពុងធ្វើការចរចារជាមួយភាគីថៃដើម្បីយកសាកសពប្រគល់ឲ្យក្រុមគ្រួសារ និងយកជនរងគ្រោះទៅសង្គ្រោះ​ ព្រោះថាពេលនេះជនរងគ្រោះនៅលើភ្នំនៅឡើយទេ រីពលរដ្ឋ៤នាក់ទៀត ដែលមិនមានរងរបួស ពួកគាត់បានទៅដល់ផ្ទះរៀងៗខ្លួនហើយ៕