(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU បានរៀបចំកម្មវិធីទិវាវប្បធម៌ និងសង្រ្កាន្តឆ្នាំថ្មីប្រចាំ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ខ្មែរ ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយ រីករាយ អំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ការរៀបចំកម្មវិធីខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៦​ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនេះ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានរៀចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត, ពិធីរាប់បាត្រ, ការសម្តែងរបាំជូនពរ, ការសម្តែងរបាំត្រុដិ, ការប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនសហការឧបត្ថម្ភធំ, ការលេងល្បែងប្រជាប្រិយ, ការច្រៀង និងការរាំកំសាន្ត ជាមួយតារាចម្រៀង តារាសម្តែង សិល្បៈករ សិល្បៈការិនីល្បីៗ និងនិស្សិតជាច្រើនផងដែរ៕