(ភ្នំពេញ)៖ ក្បាច់គុនល្បុក្កតោ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីចុងឆ្នាំ២០២២ ត្រូវបានយកទៅសម្តែងក្នុង «វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាចសង្ក្រាន្ត» ឬកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

កម្មវិធីសង្ក្រាន្តនៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ត្រូវបានបើកជាផ្លូវការនារសៀលថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដោយមានការចូលរួមអមដំណើរពី ក្រុមការងារ​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្សជាច្រើនរូប។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ «វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាចសង្ក្រាន្ត» ក៏មានការលេងល្បែងកម្សាន្តប្រជាប្រិយ បោះអង្គុញ ដណ្តើមស្លឹកឈើ លាក់កន្សែង និងរបាំត្រុដិ។

បន្ថែមលើនេះ ក៏មានកម្មវិធីប្រឡងរាំ ដោយមានការអញ្ជើញចូលរួមពីសិស្សវិទ្យាល័យទាំង៣ ក្នុងស្រុកកំពង់ត្រឡាចចំនួន ២៣គូ រួមមាន៖ វិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន ៧គូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៦គូ និងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចចំនួន ១០គូ។ កម្មវិធីប្រកួតរាំនេះ មានការដាក់ពិន្ទុពីសំណាក់ លោកស្រី សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក អន ឈាហេង មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព។

កម្មវិធីសង្ក្រាន្តនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយប្រកបដោយទឹកមុខស្រស់ញញឹម និងការប្រឡងរាំចង្វាក់ប្រពៃណីខ្មែរ ដែលជាការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ បណ្តុះឆន្ទ:ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងស្វែងយល់នូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «ល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីបណ្តាភាគីពាក់ព័ន្ធរបស់ខ្មែរ ក្រោយការស្រាវជ្រាវ និងរៀបចំអស់ប្រមាណ ១ទសវត្សរ៍ ក្នុងនោះក៏មានលោកព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន មួយរូបផងដែរ។

ក្នុងបទសម្ភាសជាមួយ Fresh News កន្លងមក ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន អះអាងថា ល្បុក្កតោ ត្រូវបានបែងចែកជា២ ដែលមួយគេហៅថា «ក្បាច់គុនមនុស្សលោក» និងមួយទៀត គេហៅថា «ក្បាច់គុនអាទិទេព» ហើយនៅលើពិភពលោកអត់មានដូចខ្មែរទេ។ «ក្បាច់គុនអាទិទេព» សម្តៅដល់ សាក់យ័ន្ត បាលី គាថា កាប់មិនមុតដុតមិនឆេះ ស្បែកគង់ មហាទម្ងន់ មហាសម្រាល មហារំអិល ជាដើម។ ចំណែក​ឯ «ក្បាច់គុនមនុស្សលោក» សម្តៅដល់យុទ្ធគុន ដែលមានគុនដំបង គុនដាវ គុនលំពែង ក៏ដូចជាសិល្បៈប្រដាល់ជាដើម។

បើតាមព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដើម្បីរៀនល្បុក្កតោ​ ឱ្យពូកកែ ដូនតាខ្មែរពីដើម រៀនទាំង «ក្បាច់គុនមនុស្សលោក» និង «ក្បាច់គុនអាទិទេព» ។ លោកបន្ថែមថា ព្រះបាទជ័យវរ្ម័នទី៧ ពេលលោកទៅច្បាំង លោកប្រើយុទ្ធសាស្ត្រដ៏អស្ចារ្យ គឺលោកប្រើទាំងយុទ្ធសិល្ប៍ យុទ្ធគុន និងសិល្បៈ។ យុទ្ធសិល្ប៍ សម្តៅដល់បាលី គាថា។ យុទ្ធគុន សម្តៅដល់ការប្រយុទ្ធដោយប្រើអាវុធ។ សិល្បៈ សម្តៅដល់ល្បិច ល្បួង ល្បោះ ហើយវាយប្រហារ។

«ក្បាច់គុនរបស់ខ្មែរ មានតែមួយគត់ គឺ ''ល្បុក្កតោ"»។ នេះបើតាមការសង្កត់ធ្ងន់ ពីលោកព្រឹទ្ធាចារ្យ។

ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។

បើតាមសៀវភៅ «គុនល្បុក្កតោ សាន គឹមសាន» ​ឱ្យដឹងថា គុនល្បុក្កតោចែកចេញជា ១២ទ្វារ ដែលទ្វារទី១ដល់ទី៨ប្រើប្រាស់កាយសម្បទា ហើយទ្វារទី៩ដល់ទី១២ប្រើប្រាស់អាវុធ ដែលរួមមានអាវុធគ្រោះថ្នាក់ និងអាវុធគ្មានគ្រោះថ្នាក់។ អាវុធគ្រោះថ្នាក់រួមមានកាំបិត ដាវ លំពែង ព្រួញ និងស្នា។ អាវុធគ្មានគ្រោះថ្នាក់រួមមានតម្បៀតបោកស្រូវ ដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក។

ជាងនេះទៅទៀត គុនល្បុក្កតោក៏អាចប្រើក្រមាធ្វើជាអាវុធបានដែរ។ និយាយរួមទៅក្បាច់នេះមានភាពបត់បែនអាចការពារខ្លួនទប់ទល់នឹងការវាយប្រហារពីទិសទាំង៨ ហើយអ្វីៗដែលនៅជុំវិញខ្លួនសុទ្ធតែអាចយកមកប្រើជាអាវុធបានទាំងអស់។

ខុសពីក្បាច់គុននៅប្រទេសផ្សេងៗដូចជាការ៉ាតេដូ យូដូ ឬហាប់គីដូ កម្រិតនៃគុនល្បុក្កតោត្រូវបានបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ដោយពណ៌នៃក្រមាដែលរួមមាន ក្រមា«ស», បៃតង, ក្រហម, ត្នោត, ខៀវ, និងក្រមាខ្មៅ ហើយកម្រិតចុងក្រោយគេបង្អស់គឺកម្រិតក្រមាមាស។ ក្រមាខ្មៅមានចាប់ពីកម្រិតទី១ ជាន់រហូតដល់កម្រិត ១០ជាន់ ដែលសិស្សគុនទាំងអស់ត្រូវហាត់យ៉ាងតិច ១០ឆ្នាំ និងចេះយ៉ាងហោចណាស់ចំនួនមួយពាន់ក្បាច់។ កម្រិតខ្ពស់បង្អស់់នៃគុនល្បុក្កតោ គឺកម្រិតក្រមាមាស ដែលអ្នកទទួលបានកម្រិតនេះត្រូវចេះគុនល្បុក្កតោស្ទើរគ្រប់សព្វទាំងអស់។

អ្នកហាត់គុនល្បុក្កតោមានឯកសណ្ឋានស្រដៀងនឹងទាហានខ្មែរនាសម័យបុរាណ។ សិស្សគុនត្រូវយកក្រមាមកចងជុំវិញចង្កេះ ហើយយករង្វេលសូត្រពណ៌ក្រហម «ថ្ងៃសង្វារ» មកចងជុំវិញក្បាលដែលជានិមិត្តរូបនៃពលានុភាព៕