(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចវិបុលសេនាភក្តី សយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៨ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន១៣៤រូប នៅវិមាន៧មករា។

លោក សុខ ពុទ្ធិវុធ តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញនូវសេចក្តីគោរពដឹងគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ គណបក្សប្រជាជនរបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន។ ថែរក្សាសារជាតិ ដួងព្រលឹងបក្សស្ថិតស្ថេរតទៅ។ ពង្រឹងការចុះមូលដ្ឋានរៀងខ្លួនដើម្បីរក្សាប្រៀបឈ្នះជូនគណបក្ស។

លោក តាក ស៊ុនអ៊ី សមាជិកគណ:កម្មាធិការ និងជាប្រធានគណ:ឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរដល់សិក្ខាកាមទាំង១៣៤រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៨ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អ ៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។

ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាននាំការសួរសុខទុក្ខ និងបានអបអរសាទរវាយតម្លៃខ្ពស់ ចំពោះវគ្គសិក្សា និងថ្លែងអំណរគុណ កោតសសើរដល់ថ្នាក់ដឹកនាំគណ:ឃោសនាអប់រំគណបក្ស ក៏ដូចគណ:គ្រប់គ្រងវគ្គដែលបានខិតខំធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជាធនធានមនុស្សរបស់គណបក្ស យកទៅអនុវត្តបន្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យក្នុងការបំពេញការងារ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានលើកឡើងនូវកត្តាដែលនាំឲ្យវគ្គសិក្សា ទទួលបានជោគជ័យ រួមមាន៖

*ទី១៖ កើតចេញពីគោលនយោបាយភ្លឺស្វាង ត្រឹមត្រូវរបស់គណបក្សលើការបណ្តុះបណ្តាលធនធានទាំងពេលបច្ចុប្បន្ននិងអនាគត។

*ទី២៖ គ្រូឧទ្ទេសនាមបានយកចិត្តទុកដាក់ កម្លាំងកាយចិត្ត បទពិសោធន៍ ផ្ទេរបញ្ជូនដល់សិក្ក្ខាកាមគ្មានលក្ខខណ្ឌ។

*ទី៣៖ សិក្ខាកាមខិតរៀនសូត្រសម្រាប់ខ្លួនឯង គ្រួសារ និងអង្គភាព ស្ថាប័ន។

*ទី៤៖ ការសហការល្អជិតស្និទ លក្ខណៈមិត្តភាពភាតរភាតរវាងសិក្ខាកាម មន្រ្តី បុគ្គលិក នៃវគ្គសិក្សា។

*ទី៥៖ ចំណេះដឹងដែលទទួលបានជាប្រទីបបំភ្លឺផ្លូវ ឲ្យសិក្ខាកាមពង្រឹងខ្លួនទាំងគោលនយោបាយ សតិអារម្មណ៍ ការចាត់តាំងអនុវត្តបន្ថែមទៀត។

*ទី៦៖ ការរៀនសូត្រជាកាតព្វកិច្ចរបស់មន្រ្តីជាសមាជិកគណបក្ស គឺរៀនហើយ រៀនទៀត រៀនរហូត៕