(ភ្នំពេញ)៖ នាមជាម្ដាយ ទោះក្នុងលក្ខខណ្ឌណាក៏ដោយឱ្យតែកូនចៅស្ថិតនៅក្នុងភាពងាយរងគ្រោះ គឺតែងតែប្រណីមេត្ដា ករុណា ផ្ដល់ភាពកក់ក្ដៅដល់កូនចៅៗជានិច្ច, ជាក់ស្ដែងមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ មិនភ្លេចសុខទុក្ខរបស់កូនចៅនោះឡើយ គឺបានចាត់តំណាង លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងអប់រំផ្លូវចិត្ត រួមជាមួយអំណោយដល់កូនចៅ ក្មួយៗ ជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីវ័យចំណាស់ សរុបចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងក្តីអាណិតស្រឡាញ់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូន ក្មួយៗទាំងអស់នៃមណ្ឌលអប់រំកែប្រែទី២នេះ។

លោកស្រីបានគូសបញ្ជាក់ថា «ការចុះសួរសុខទុក្ខនាថ្ងៃនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការអប់រំផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏មានកម្មវិធីស្តារទំនាក់ទំនងគ្រួសារ ដែលបាននិងកំពុងធ្វើការជាមួយមណ្ឌលអប់រំកែប្រែ ដើម្បីបញ្ជូនសារលិខិតឆ្លើយឆ្លងរវាងអ្នកជាប់ឃុំ ជាមួយសាច់ញាតិគ្រួសារផងដែរ»

លោកស្រីបានថ្លែងបន្ដថា នៅចំពោះមុខនេះ បងប្អូនក្មួយៗទាំងអស់ ត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ ដោយសារតែការប្រព្រឹត្តនូវអំពើខុសច្បាប់របស់បងប្អូន។ ក៏ប៉ុន្តែនៅទីនេះ បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំនិនជីវិត ដើម្បីអាចមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសេរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។

ជាមួយគ្នានេះ បងប្អូនក្មួយៗ ក៏ត្រូវទទួលយកនូវការអប់រំផ្លូវចិត្តតាមផ្លូវព្រះធម៌ គឺការប្រព្រឹត្តនូវអំពើល្អ ទទួលបាននូវផលល្អ, ការប្រព្រឹត្តអំពើមិនកុសល នឹងទទួលទោសទៅតាមនោះដែរ ដូច្នេះសូមយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវ សីល សមាធិ បញ្ញា ឱ្យបានគ្រប់ៗគ្នា។

លោកស្រីអគ្គលេខាធិការរងទី១ បានលើកឡើងទៀតថា នៅក្នុងមណ្ឌលអប់រំកែប្រែទី២នេះ មាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ១ ញ៉ែម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ដោយមិនមានការរើសអើង ពិសេសបានផ្ដល់នូវអំណោយដល់បងប្អូនជាប់ឃុំ ជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជនជាស្ត្រី និងស្ត្រីដែលមានអាយុ ៦០ឆ្នាំឡើង នៅក្នុងមណ្ឌលអប់រំកែប្រែទី២នេះ។

សូមជម្រាបថាមុននឹងបញ្ចប់ការសំណេះសំណាល លោកស្រីអគ្គលេខាធិការរងទី១ បានប្រគល់ជូនសៀវភៅសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយទស្សនាវដ្តីស្តីពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា សម្រាប់ទុកក្នុងបណ្ណាល័យ ដែលអនុញ្ញាតឱ្យបងប្អូនជាប់ឃុំទាំងអស់ បានអានសិក្សាស្វែងយល់ពីប្រវត្តិតស៊ូរបស់ សម្តេចតេជោ ក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិ នាំមកនូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ក៏ដូចជាប្រវត្តិតស៊ូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាភរិយាសម្តេចតេជោ ដើម្បីប្រទេសជាតិ និងប្រជាជនយើង។

ក្នុងឱកាសសំណេះសំណាលខាងលើនេះ កាកបាទក្រហមកម្ពុជា បាននាំមកនូវអំណោយជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបាន មី ១កេស, សារុង២, ខោអាវទារក ស្រោមដៃស្រោមជើង ១ឈុត, កន្សែងពោះគោ ១, សាប៊ូទារក ១ដប, សាប៊ូកក់សក់ ១ដប, សាប៊ូដុសខ្លួន ៤ដុំ, សំឡីអនាម័យ, ទឹកដោះគោម្សៅ ១កំប៉ុង, ទឹកវីតាល់ដបធំ ២ដប និងថវិកា ៥ម៉ឺនរៀល។ ក្នុងនោះជូនស្ត្រីមានកូនតូចចំនួន ២៩នាក់ ក្នុងម្នាក់ៗ មី ១កេស, ទឹកដោះគោម្សៅកូនក្មេង ១កំប៉ុង, សាប៊ូដុសខ្លួនកូនក្មេង ១ដប, សាប៊ូកក់សក់ ១ដប, ខោអាវកូនក្មេង ១ឈុត, កន្សែងពោះគោ ១, សំឡីអនាម័យ, ទឹកវីតាល់ដបធំ ២ដប និងថវិកា ៥ម៉ឺនរៀល។ ជូនស្ត្រីអាយុ ៦០ឆ្នាំឡើង ក្នុងម្នាក់ៗ មី ១កេស, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, កន្សែងពោះគោ ១, ទឹកដោះគោប្រអប់ក្រដាស ១ឡូ និងថវិកា ៥ម៉ឺនរៀល។ សម្រាប់អនីតិជនជាស្ត្រីចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានមី ១កេស, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, កន្សែងពោះគោ ១, សំឡីអនាម័យ និងថវិកា ៥ម៉ឺនរៀល៕