(ភ្នំពេញ)៖ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះសារជូនពរ ដែលលោកត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ ព្រឹទ្ធសភា អាណត្តិទី៥។

លោក ប្រាក់ សុខុន បានថ្លែងថា ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចវិបុលសេនាភក្តី ដែលបានផ្ញើសារអបអរសាទររូបខ្ញុំ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងពាក្យពេចន៍ប្រកបដោយ អត្ថន័យ ក្នុងឱកាសដែលព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពង់ខ្ពស់បំផុត និងជឿជាក់យ៉ាងមុតមាំថា ក្រោមអគ្គមគ្គ ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ថាប័នព្រឹទ្ធសភា នឹងចូលរួមកាន់តែប្រសើរថែមទៀតក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព នយោបាយ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត និងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងសកលលោកតាមរយៈការទូតសភា។

ក្នុងឱកាសដ៏ឧត្ដុងឧត្ដមប្រសើរថ្លៃថ្លានេះ ខ្ញុំសូមសម្ដែងការកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយទឹកចិត្តស្នេហាជាតិ និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ តាមរយៈការសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភាកន្លងមក។

សម្ដេចបានពុះពារ តស៊ូ និងលះបង់ដ៏ធំធេង ក្នុងបុព្វហេតុសន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ មាតុភូមិជាទីស្រឡាញ់បំផុតរបស់សម្តេច ហើយគំរូ ប្រកបដោយវីរៈភាពដ៏ថ្លៃថ្លានេះ នឹងស្ថិតនៅជារាងដរាបនៅក្នុងការចងចាំ និងបេះដូងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់ៗរូប។

ខ្ញុំ និងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កសិទ្ធក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាប្រសិទ្ធពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេច វិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសម្រេចនូវជោគជ័យដ៏ ត្រចះត្រចង់ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងវឌ្ឍនភាពសង្គមដ៏រុងរឿង៕