(ភ្នំពេញ)៖ នារាត្រី ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ លោកមេធាវី ចេង ប៉េងហាប់ ស្ថាបនិក និងជាប្រធានក្រុមមេធាវី ស៊ីភីអេច បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គី តិច និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងមេធាវី ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រមាណ២៥០នាក់។

ក្នុងឱកាសនោះផងដែរ លោកមេធាវី ចេង ប៉េងហាប់ បានថ្លែងជាមតិស្វាគមន៍ថា «គោលបំណងនៃការរៀបចំពិធីនេះឡើង ទីមួយគឺ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ឬសង្ក្រាន្តឆ្នាំថ្មី ជាប្រពៃណីផូរផង់របស់ប្រជាជាតិខ្មែរ ដែលកម្ពុជាត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រោមការណែនាំ និងគិតគូរយ៉ាងយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទីពីរគឺ ដើម្បីជាឱកាសក្នុងការជួបជុំ ក្នុងគោលដៅរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព រវាងមេធាវី និងមេធាវី។»

ជាទីបញ្ចប់ លោកមេធាវី ចេង ប៉េងហាប់ បានថ្លែងនូវអំណរអរគុណចំពោះវត្តមានចូលរួមរបស់ភ្ញៀវកិត្តិយស និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅរាត្រី ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ព្រមទាំងបានប្រគល់នូវកន្ត្រកផ្លែឈើដ៏ស្រស់ស្អាតជូន ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ជាការថ្លែងអំណរគុណ និងការជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពស្និទ្ធស្នាល ហើយក៏មានការច្រៀងលេង និងរាំកម្សាន្តតាមចង្វាក់ប្រពៃណីជាតិខ្មែរ ប្រកបដោយបរិយាកាសសប្បាយរីករាយផងដែរ៕