(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមេសា​ ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយផែនការងារសន្តិសុខ បានស្រាវជ្រាវនាំខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវ១០៧ កែង១៦៦ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ថា​ ការចាប់ខ្លួនឈ្មោះ គឹម ហុង មានតួនាទីចៅសង្កាត់រងទី២ នៃសង្កាត់អូរឬស្សីទី៤ បានធ្វើឡើងតាមដីកាបញ្ជាឲ្យនាំចូលខ្លួនរបស់តំណាងអយ្យការ ពីបទ «សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត» (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាខណ្ឌ៧មករា ឲ្យគណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាត ពីសាម៉ីខ្លួន) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ង១៣ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕