(កំពង់ឆ្នាំង)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតមកដល់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សឹងសំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស ចុះសួរសុខទុក្ខ និងសំណេះសំណាលនាយទាហាន និងពលទាហានដែលកំពុងឈរជើងនៅមូលដ្ឋានទ័ពជើងអាកាសខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់មេបញ្ជាការមូលដ្ឋានទ័ពអាកាសខេត្តកំពង់ឆ្នាំងរួច មកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខជាមួយនឹងក្ដីនឹករលឹកពីសម្ដេចធិបតី ហ៊ុនម៉ាណែតជូនចំពោះនាយទាហាន ពលទាហា នទាំងអស់ដែលកំពុងបំពេញការងារយ៉ាងសស្រាក់ស្រាំនៅមូលដ្ឋានកងទ័ពអាកាសខេត្តកំពង់ឆ្នាំង និងសូមជូនពរសិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះនាយទាហាន ទាហានរង និងពលទាហាន សូមមានសុខភាពល្អ កម្លាំងពលំមាំមួន និងសម្រេចបានស្នាដៃថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។

ឧត្តមសេនីយ៍ឯកបណ្ឌិត បានលើកឡើងពីប្រវត្តិបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលមានទាក់ទងទៅនឹងសាសនាតាំងពីយូរយារមកហើយ។ លោកបានធ្វើការក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការការពារគ្រោះអគ្គីភ័យនៅក្នុងមូលដ្ឋានទ័ពអាកាសខេត្តកំពង់ឆ្នាំង ឱ្យបានល្អប្រសើរ ជាពិសេសកុំភ្លេចក្នុងពេលកំពុងអុជធូបសែនព្រេន ឬចាកចេញពីមូលដ្ឋានដោយមិនបានបិទចរន្តអគ្គិសនី ពីព្រោះនៅក្នុងឆ្នាំនេះរដូវប្រាំងមានកម្ដៅក្ដៅខ្លាំងណាស់។ កងទ័ពត្រូវជឿជាក់ និងគាំទ្រដោយឥតងាករេលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកើតឡើងពីការបោះឆ្នោតត្រឹមត្រូវ និងមកនូវសន្តិភាព នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចគ្នាយើងត្រូវការពារសន្តិភាព និងដាច់ខាតមិនជឿ មិនដើរតាមការញុះញង់ពីពួកអគតិ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក បណ្ឌិត បានបានផ្ដល់អនុសាសន៍ចំពោះនាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងពីល្បែងស៊ីសងអបាយមុខ ក្នុងនាមលោកជាមេបញ្ជាការរងទទទួលបន្ទុកក្នុងការរៀបចំគ្រប់គ្រងប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀន និងអំពើអបាយមុខនៅក្នុងអង្គភាព លោកបានប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឥតងាករេ ដើម្បីជំរុញ និងពង្រឹងវិន័យដល់កងទ័ពមិនឱ្យប្រព្រឹត្តអំពើអបាយមុខខាងលើនេះ។

ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ សង្ឃឹមថា នាយទាហាន ពលទាហានទាំងអស់និងគោរពប្រតិបត្តិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ដោយយល់ឃើញថានៅក្នុងមូលដ្ឋានទ័ពអាកាសខេត្តកំពង់ឆ្នាំង នៅក្នុងរដូវប្រាំងនេះមានការខ្វះខាតទឹកយ៉ាងខ្លាំង លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានផ្ដល់ជូនធុងស្តុកទឹកចំណុះ ២០០០លីត្រ ជូនចំពោះនាយទាហានទុកប្រើប្រាស់ក្នុងនៅមូលដ្ឋានទ័ពជើងអាកាសខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានពាំនាំនូវអំណោយរបស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអំណោយរបស់សប្បុរសជនទៅចែកជូនដល់នាយទាហាននាយទាហានរងពលទាហាននៅមូលដ្ឋានទ័ពអាកាសខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឱ្យបានសប្បាយរីករាយ។ លោកឧត្តមសេនីយ៍ឯក ក៏បានជូនពរសិរីមង្គលវិបុលសុខព្រមទាំងទទួលបាននូវពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពល: ចូលមានដល់នាយទាហាន នាយទាហានរងនិងពលទាហានគ្រប់ៗរូប៕