(ភ្នំពេញ)៖ វគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានលើកទី៦ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានប្រឡងបញ្ចប់ការសិក្សារបស់ខ្លួនហើយ។ ការប្រឡងនេះ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពរបស់សិស្ស ក្រោយពីបានសិក្សាអំពី «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» អស់រយៈពេល៣ខែកន្លងមក។

នៅក្នុងការប្រឡងដែលមាន៦សំណួរ អំពីទ្រឹស្ដី លោក ម៉ារ យ៉ារិទ្ធ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលបណ្ដាលផងនោះ បានដាក់នូវលំហាត់អនុវត្តន៍ក្នុងការសរសេរព័ត៌មានថែមទៀត។ សិស្សបានប្រឡងប្រកបដោយការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចប្រឡងជាប់ និងអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News(FTC)។

បើទោះ FTC ជាថ្នាក់បង់ថ្លៃសិក្សាក៏ពិតមែន ប៉ុន្តែគោលបំណងសំខាន់របស់មជ្ឈមណ្ឌល គឺផ្ដល់ជូនដល់សិក្ខាកាម នូវមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីអាចមានសមត្ថភាពក្នុងការប្រកបអាជីពអ្នកសារព័ត៌មានដែលមានតម្លៃមួយរូប។

ជាការពិតណាស់បើទោះថ្នាក់សិក្សាអំពីការសរសេរព័ត៌មានវគ្គ៦ របស់ FTC បានបញ្ចប់ហើយក៏ពិតមែន ប៉ុន្តែនៅក្នុងពេលឆាប់ៗខាងមុខ FTC នឹងបង្កើតថ្នាក់សរសេរព័ត៌មានជំនាន់ទី៧ បន្ថែមទៀត ព្រមជាមួយថ្នាក់ថតរូប និងមូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ ក្នុងវិជ្ជាជីវៈអ្នកព័ត៌មានថែមទៀតផង។

សូមបញ្ជាក់ផងដែរថា FTC គឺជាផ្នែកមួយនៃអង្គភាពព័ត៌មាន Fresh News ហើយត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

Fresh News Training Center (FTC) មានលោក ម៉ារ យ៉ារិទ្ធ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលផ្ទាល់តែម្ដង ដោយលោក គឺជាអ្នកសារព័ត៌មានចាស់វស្សាមានបទពិសោធន៍ ជិត៤០ឆ្នាំហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕