(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ស្រ្តីម្នាក់ឈ្មោះ វិន សុភក្ត្រា អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។

ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ២នាក់ រួមមាន៖ ឈ្មោះ ងួន ប៊ុនរី ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល និងឈ្មោះ ខេង សេងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងទាំង២នាក់, នៅអំឡុងឆ្នាំ២០១៨ ពួកគេបានចូលហ៊ុនគ្នាបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ ដែលមានទីតាំង នៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឱ្យឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) ត្រូវជាប្អូនថ្លៃរបស់ពួកខ្លួន ជាអ្នកទទួលប្រាក់ពីអតិថិជន ដែលទិញដីឡូតិ៍របស់ក្រុមហ៊ុនខាងលើ ហើយខាងក្រុមហ៊ុន បានលក់ដីល្វែងអស់ តែមិនឃើញមានប្រាក់ក្នុងគណនេយ្យ ទើបមានការសង្ស័យ រហូតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនបានត្រួតពិនិត្យមើលក្នុងគណនេយ្យ ទើបដឹងថា ជនសង្ស័យ បានលួចប្រាក់របស់ក្រុម ហ៊ុនអស់សរុបចំនួន១០១,៦៩៣ដុល្លារ។

ជនសង្ស័យបានលួចយកប្រាក់ថ្លៃឈ្នួលផ្ទះមួយចំនួនទៀត មិនបានបាញ់ចូលគណនេយ្យរបស់ក្រុមហ៊ុនឡើយ ក្រោយមកខាងក្រុមហ៊ុនដីឡូតិ៍បានហៅជនសង្ស័យមកទូរទាត់ប្រាក់ តែជនសង្ស័យបាននិយាយថា ប្រាក់ទាំងអស់នោះ បានយកទៅប្រើប្រាស់រកស៊ីផ្ទាល់ខ្លួន និងលេងល្បែងអស់ហើយ។

ក្រោយពីទទួលបានរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរួច នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ការិយាល័យជំនាញ បានធ្វើរបាយការណ៍សុំ បើកការស៊ើបអង្កេតបឋមទៅ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី ដោយទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម ការិយាល័យជំនាញបានបញ្ជូនដីកាទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់ការតាមនីតិវិធី រហូតដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដើមបណ្តឹងខាងលើបាននាំឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំពាក់ព័ន្ធករណីរឿងហេតុ ហើយធ្វើការឃាត់ខ្លួនតែម្ដង។

ក្រោយឃាត់ខ្លួន, ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់នេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕