(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាកាសធាតុនៅលើផ្ទៃសមុទ្រ ខេត្តព្រសីហនុព្រឹកនេះ ផ្ទៃមេឃមានពពកច្រើន កម្លាំងខ្យល់កន្ត្រាក់បង្គួរ ដែលអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍បានបញ្ជាក់ យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០៧ ខែកញ្ញា​ឆ្នាំ២០១៦​ នេះ អាកាសធាតុលើផ្ទៃសមុទ្រ​មេឃមានពពកច្រើន ហើយកំលាំងខ្យល់បក់​​កន្ត្រាក់បង្គួរ និងទឹក រលកយោលជាមធ្យមនៅតាម តាមចន្លោះឃ្លង។ នៅឆ្នេរអូរឈើទាល ខ្យល់បក់និងទឹករលកជាមធ្យម។ អាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់»

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាស ព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៦-១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា របាយទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ខណៈតំបន់មាត់សមុទ្រវិញ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី០៩-១២ ខែកញ្ញា ឆ្នាំ២០១៦៕