(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងក្រុងពាលី បួងសួងសុំសេចក្តីសុខ ទស្សនារបាំត្រុដិសូត្រមន្តនិងរាប់បាតប្រគេនព្រះសង្ឃចំនួន៥៤អង្គ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧ សណ្តានផង និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងភរិយា, លោក សុខ លូ អភិបាលខេត្ត និងភរិយា ព្រមទាំងមានការអញ្ជើញចូលរួមថ្នាក់អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានា មន្រ្តីរាជការជុំវិញខេត្តនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះសាលាខេត្តទាំងអស់ចូលរួមផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីនេះ ឡើងតាមប្រពៃណីសាសនា ដោយមានការបួងសួង ព្រញសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋ
បាលខេត្តទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

លោក សុខ លូ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់
ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។

លោកបានអំពាវនាវប្រជាពលរដ្ឋទូទៅទាំងអស់ថា ខេត្តបាត់ដំបងបានសហការជាមួយក្រុម ស.ស.យ.ក ខេត្ត រៀបចំពិធីសង្រ្គាន្តរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដូចឆ្នាំមុនៗ ដែរ សម្រាប់ជូនប្រជាពលរដ្ឋ និងទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានមកចូលរួមលេងកម្សាន្ត សប្បាយរីករាយឲ្យបានច្រើន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនៅខេត្តបាត់ដំបងនេះផងដែរ៕