(រតនគិរី)៖ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចជាតិ-អន្តរជាតិ នាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត បានត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលំអនៅតាមមន្ទីរ អង្គភាពសាមីខ្លួន និងក៏ដូចជាត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែអធិកអធមផងដែរ។

ជាក់់ស្តែងយើងសង្កេតឃើញមានរៀបចំសណ្ដាប់ធ្នាប់ ការតុបតែងលំអតាមទីសាធារណៈ ការតុបតែងដាក់់ភ្លើងចម្រុះព៌ណតាមដងវិថីសំខាន់ៗប្រកបដោយភាពទាក់ទាញ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី និងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តរតនគិរី» ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ សម្តេច ទ្រង់ ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានទទួលជ្រាប និងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធ៌ម ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តរតនគិរីផងដែរ៕