(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យឯកទេសភ្នែក កម្មវិធីជាតិសុខភាពភ្នែក នៃមន្ទីពេទ្យរុស្ស៊ី បានបន្តចុះពិនិត្យ ព្យាបាល វាស់ភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋ ក្នុង-ក្រៅស្រុក និងតំបន់ជុំវិញ ស្រុកក្រូចឆ្មារ ដោយឥតគិតថ្លៃ មានរយៈពេល៥ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

កម្មវិធីនេះក្រោមកិច្ចផ្តួចផ្តើមយកចិត្តទុកដាក់ និងឧបត្ថម្ភពីសំណាក់លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់មហាក្សត្រ ដោយមានការចុះពិនិត្យសំណេះសំណាល ពីលោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការរៀបចំសម្របសម្រួល ពីការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្ទាល់តែម្តង។

សកម្មភាពនេះ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗ បន្តមកក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដនិយមដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើជីវភាពប្រជាពលរដ្ឋ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាព ៦យ៉ាង ហើយវិស័យសុខាភិបាល ជាវិស័យអាទិភាពទី១ ដែលសុទ្ធសឹងជាគោលនយោបាយយុទ្ធសាស្ត្រដើម្បីគាំពារជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យដែលទទួលបានផលប្រយោជន៍មុនគេ។

សូមជម្រាបថា ប្រជាពលរដ្ឋទទួលបានការពិនិត្យព្យាបាល ជំងឺភ្នែក បានចំនួន២៨៦នាក់ សរុប១៥៧ករណី ស្រីចំនួន ៩៧ករណី ក្នុងនោះវះកាត់ជំងឺភ្នែកឡើងបាយចំនួន១១៦ករណី និងការវះកាត់ជំងឺកន្ទុយថ្លែនភ្នែក មានចំនួន៤១ករណី៕