(ឧត្តរមានជ័យ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូ នៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជាទាំងអស់ ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ Halo Trust នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរ ពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុន Prince Holding Group ។

ដំណើរទស្សនកិច្ចស្វែងយល់នេះ រៀបចំឡើងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដឹកនាំដោយលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំ នៃមជ្ឈមណ្ឌល ARMAC និងលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិ ARMAC។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីនថ្នាក់ តំបន់អាស៊ានកន្លងមក ដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នសម្តេចតេជោ ត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់ កាលពីអំឡុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយការទូតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យអាស៊ានសម្រេចបាននូវគោលដៅ «សហគមន៍រួម វាសនារួម» និងដើម្បីផលប្រយោជន៍រវាងប្រទេសជាតិនិងប្រទេសជាតិ ប្រជាជននិងប្រជាជន។

ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក តាមរយៈការចូលរួមផ្តល់នូវកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាលបច្ចេកទេស និងមន្រ្តីជំនាញ ជាដើម។

ជាចុងក្រោយលោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការរៀបចំរបស់អង្គការ Halo Trust ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់អង្គការ Halo Trust ដែលបានចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ ហើយបានចាត់ទុកអង្គការ Halo Trust ជាដៃគូយ៉ាងរឹងមាំឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននាពេលដ៏ខ្លីខខាងមុខ៕