(ភ្នំពេញ)៖ បន្ទាប់ពីកម្ពុជា បានតភ្ជាប់ជើងហោះហើរត្រង់ ពីប្រទេសជប៉ុនរួចមក ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានអះអាងថា ពេលនេះ មានការកើនឡើងនូវ ចំនួនភ្ញៀវទេសចរជាងមុន ទាំងជនជាតិជប៉ុន និងជនជាតិដទៃទៀត តាមរយៈជើងហោះហើរនេះ។

លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួងទេសចរណ៍ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី ០៦ កញ្ញា នេះថា បន្ទាប់ពីមានការតភ្ជាប់ ជើងហោះហើរត្រង់ពីជប៉ុនមក ឃើញថាចំនួន ភ្ញៀវទេសចរជប៉ុន ក៏ដូចជាភ្ញៀវបរទេសដទៃ មានការកើនឡើងជាបណ្ដើរៗដែរ ពីព្រោះភ្ញៀវមានភាពងាយស្រួល ជាងមុន។ លោកថា កាលពីមុន ប្រសិនបើភ្ញៀវចង់ចូលមកកម្ពុជា ពួកគាត់ត្រូវចុះនៅប្រទេសជិតខាងជាមុនសិន។

លោកថា «យើងឃើញថា មានកើនឡើងបន្ថែមហើយ តែចំនួនយើងមិនទាន់ដឹងច្បាស់ទេ ត្រូវចាំមើលរបាយការណ៍គេសរុប១ខែនេះសិន ភ្ញៀវដែលមកនោះមានលក្ខណៈងាយស្រួលហើយ ព្រោះមានការហោះត្រង់, ខុសពីមុន ដែលមុននឹងមកដល់ស្រុកខ្មែរ ត្រូវវាងពីនេះពីនោះ, ចំនួនប៉ុន្មានចាំ១ខែនេះសិន»

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបើកសម្ភោធជើងហោះហើរត្រង់ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្ពោះមក រាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន ដើម្បីទាក់ទាញកំណើនទេសចរ និងវិនិយោគិនជប៉ុន ក៏ដូចជាភ្ញៀវបរទេសដទៃទៀតផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ៥,៧៧៧,២៣១នាក់ ក្នុងនោះមានភ្ញៀវជប៉ុនចំនួន ១៩៣,៣៣០នាក់ ផងដែរ។ ភ្ញៀវជប៉ុនបានជាប់ចំណាត់ថ្នាក់ លេខ៧ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាច្រើនជាងគេ។ ដោយឡែក រយៈពេល៦ខែ ដើមឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវជប៉ុន ៩០,៨៧៧នាក់ ផងដែរ៕