(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងវាគ្មិន៥រូបផ្សេងទៀត ដែលមានបទពិសោធន៍ ក្នុងវិស័យអប់រំ និងវិស័យឯកជនផងដែរនោះ នឹងរួមគ្នាចែករំលែកបទពិសោធន៍ ចំណេះដឹង ដើម្បីជួយឲ្យសិស្ស ដែលទើបប្រឡង បាក់ឌុប មានពុទ្ធិក្នុងការជ្រើសរើស យកជំនាញសិក្សានៅមហាវិទ្យាល័យ ឲ្យត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន។

លោករដ្ឋមន្ត្រីអប់រំ និងវាគ្មិនទាំង៥រូប រួមគ្នាចែករំលែកក្នុងសិក្ខាសាលាធំ ប្រចាំឆ្នាំ២០១៦ ស្តីពី «ការតម្រង់ទិសលើមុខជំនាញ ថ្នាក់ឧត្តមសិក្សា» ដែលរៀបចំឡើងដោយ វិទ្យាស្ថានអន្តរជាតិ-កម្ពុជាអាស៊ាន (CAM-ASEAN) ដែលរៀបចំឡើងនៅ ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ចាប់ពីម៉ោង ៧៖០០ព្រឹក ដល់ ១២៖០០ថ្ងៃត្រង់ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

សិក្ខាសាលានេះ សិស្សានុសិស្សអាចចូលរួមដោយសេរី ដោយអាចទៅយកសំបុត្រចូលរួម (ឥតគិតថ្លៃ) ឲ្យបានមុនថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានអន្តរជាតិ-កម្ពុជាអាស៊ាន (CAM-ASEAN)។ នៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋានខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ៥០ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។

លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថាន CAM-ASEAN បានឲ្យដឹងថា សិក្ខាសាលាលើកទី២ ឆ្នាំ២០១៦នេះ ក្នុងគោលបំណងដើម្បី ផ្តល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ ក្នុងការជ្រើសរើសមុខជំនាញ សិក្សាឲ្យត្រឹមត្រូវពី សំណាក់បុគ្គលជោគជ័យនានា ដែលជាវាគ្មិន។

លោកបន្តថា វាគ្មិន៥រូបដែលត្រូវបានអញ្ជើញមកចែករំលែកដល់សិស្សរួមមាន៖ លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ សាកល វិទ្យាល័យពុទ្ធិសាស្ត្រ លោក សោម រតនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកស្រី ជា សុផល្លា នាយកប្រតិបត្តិ Emerald Plus Co.,Ltd ដែលជាសហគ្រិនឆ្នើម លោក ដេត សុខឧត្តម សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ហ្សាម៉ាន់ និង លោក ហោ សំណាង នាយកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលកម្ពុជា។

លោក ស៊ាង សុបញ្ញា សង្ឃឹមថា សិក្ខាសាលាដ៏សំខាន់នេះ នឹងមានការចូលរួមច្រើនពី បណ្តាសិស្សានុសិស្ស ព្រោះវាជាវេទិកា សំខាន់សម្រាប់ជីវិតរបស់ពួកគេ៕