(ភ្នំពេញ)៖ មន្ត្រីបក្សប្រឆាំងនៅតែប្រកាន់ជំហរ មិនព្រមគោរពតាមការសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាសាលាក្រុងភ្នំពេញ ដែលហាមប្រាមមិនឱ្យ ប្រមូលផ្តុំមនុស្ស ហែរញត្តិទៅដាក់នៅតាមស្ថានទូតនានាក្នុងក្រុងភ្នំពេញ។ ការចចេសរឹងរូសហែរញតិ្តផ្គើនប្រឆាំងនឹងអាជ្ញាធរ ពីសំណាក់បក្សប្រឆាំង បានធ្វើឱ្យអាជ្ញាធរក្រុងភ្នំពេញសម្រេចដាក់កម្លាំងយាមល្បាត និងបិទផ្លូវមួយចំនួន ដើម្បីរក្សាសន្តិសុខសណ្តាប់ក្នុងរាជធានីភ្នំពេញ ព្រោះអាជ្ញាធរដឹងថា បក្សប្រឆាំងគឺមានគម្រោងទុច្ចរឹត បង្កើតព្រឹត្តិការណ៍អាចឈានដល់ហឹង្សានានា ក្នុងការដង្ហែរក្បួនរបស់ខ្លួន ដោយមិនមែនគ្រាន់តែដង្ហែក្បួនធម្មតានោះទេ ប៉ុន្តែពួកគេបានធ្វើការកេណ្ឌប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ហើយបើទុកឱ្យបក្សប្រឆាំងកេណ្ឌប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួន ធ្វើការដង្ហែក្បួននោះ គឺនឹងធ្វើឱ្យស្ថានភាពចរាចរណ៍កាន់តែអាក្រក់ជាងការបិទផ្លូវរបស់សមត្ថកិច្ចទៅទៀត។

ទោះបីជាមានការអះអាងពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថា ពួកគេបានដាក់ញត្តិទៅតាមស្ថានទូត មួយចំនួនក្នុងរាជធានីភ្នំពេញរួចរាល់ហើយក៏ដោយ ក៏ប៉ុន្តែមកដល់ពេលនេះ គេមិនទាន់ឃើញមានការឆ្លើយតប ពីខាងស្ថានទូតណាមួយថា យ៉ាងណានោះទេ។ មួយវិញទៀត សកម្មជន និងប្រជាពលរដ្ឋមួយចំនួន ដែលត្រូវបានបក្សប្រឆាំងប្រកូកប្រកាសឱ្យឡើងមកហែរញត្តិនៅភ្នំពេញ គឺហាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ពីគោលដៅពិតប្រាកដក្នុងការហែរញត្តិ របស់បក្សប្រឆាំង ដោយគ្រាន់តែលឺមន្ត្រីបក្សប្រឆាំងនិយាយថា ការហែរញត្តិនេះគឺដើម្បីឱ្យប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងបារីសដឹងថា ប្រទេសកម្ពុជា កំពុងដើរឃ្លាតចាកពីស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងបារីស។ ដូច្នេះតើអ្វីទៅ ជាចេតនាពិតប្រាកដ ដែលអ្នកចូលរួមសកម្មជនបក្សប្រឆាំង និងប្រជាពលរដ្ឋ គប្បីដឹងពីគោលបំណងហែរញត្តិរបស់បក្សប្រឆាំងនៅពេលនេះ?

នៅរយៈពេលចុងក្រោយនេះ បក្សប្រឆាំងហាក់កំពុងផុងខ្លួនកាន់តែជ្រៅ ក្នុងបញ្ហាក្តីក្តាំទាំងមេដឹកនាំ អ្នកតំណាងរាស្ត្រ និងសកម្មជនមួយចំនួនទៀត។ ការធ្លាក់ខ្លួនក្នុង បញ្ហាផ្លូវច្បាប់ដែលរើខ្លួនមិនរួចទាំងអស់នេះ ត្រូវបានមជ្ឈដ្ឋានដែលគាំទ្របក្សប្រឆាំងយល់ឃើញថា ជាការគាបសង្កត់ខាងនយោបាយ ពីបក្សកាន់អំណាច ប៉ុន្តែអ្នកវិភាគមួយចំនួនដែលបានស្វែងយល់ និងតាមដានរឿងរ៉ាវទាំងនេះ យល់ឃើញផ្ទុយគ្នាថា ការហ៊ុព័ទ្ធដោយបទល្មើសទៅលើមេដឹកនាំ និងសមាជិកបក្សប្រឆាំង គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។

អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាយល់ឃើញថា មានហេតុផលច្បាស់លាស់ និងពិតប្រាកដ ដែលធ្វើឱ្យមេដឹកនាំបក្សប្រឆាំង និងសមាជិកមួយចំនួន មានទោសទណ្ឌដូចបច្ចុប្បន្នេះ នោះគឺដោយសារតែមេដឹកនាំនិងមន្ត្រីបក្សប្រឆាំង ចូលចិត្តធ្វើខ្លួនជាសត្វមមាចមិនខ្លាចភ្លើង ឬលេងល្បែងយកកទៅលអន្ទាក់ ដោយខ្លួនឯង រហូតដល់ជាប់ផុងដោះលែងរួច ក៏ចាប់ផ្តើមស្រែកថា គេធ្វើបាប និងដាក់គំរាបជាដើម។ ជាក់ស្តែងទោសទណ្ឌដែលមេដឹកនាំ អ្នកតំណាងរាស្ត្រ និងសមាជិកបក្សប្រឆាំង កំពុងជាប់ពិរុទ្ធ គឺសុទ្ធតែមិនមែនជាទោសទណ្ឌសិប្បនិមិត្តនោះទេ គឺតុលាការ មានភ័ស្តុតាងដាក់បន្ទុកច្បាស់លាស់ ដែលពួកគេបានប្រព្រឹត្តដោយមិនអាចប្រកែកបាន។

ក្រឡេកមកមើលកិច្ចព្រមព្រៀងទីក្រុងរីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ វិញ គឺគ្មានមាត្រាណាមួយនិយាយពីសិទ្ធិ នៃប្រទេសម្ចាស់ហត្ថលេខី ក្នុងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាឡើយ។ អ្វីដែលគណបក្សប្រឆាំងកំពុងស្រែកឡូងៗថា ឱ្យប្រទេសម្ចាស់ហត្ថលេខី ដាក់គំនាប រឺដឹងលឺ ពីបញ្ហារបស់បក្សខ្លួននោះ វាមិនអាចទៅរួចនោះទេ ព្រោះគណបក្សប្រឆាំងគ្រាន់តែជាគណបក្សនយោបាយ ០១ ក្នុងចំណោមបក្សនយោបាយជាង៤០ទៀត នៅប្រទេសកម្ពុជាប៉ុណ្ណោះ វាមិនពាក់ព័ន្ធ និងសមត្ថកិច្ចរបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបារីសដែលត្រូវលូកដៃនោះទេ។

ជាមួយគ្នានេះដែរ បក្សប្រឆាំងក៏ដឹងពីលទ្ធផល នៃការហែរញត្តិនេះហើយ ថាពួកគេនឹងគ្មានទទួលបានដំណោះស្រាយ ឬជំនួយពីបណ្តាស្ថានទូតនានាដែលពួកគេ បានដាក់ញត្តិនោះទេ ប៉ុន្តែអ្វីដែលជម្នះឱ្យពួកគេបន្តធ្វើនោះ គឺចេតនាបង្ហាញអន្តរជាតិឱ្យឃើញថា កម្ពុជាស្ថិតក្នុងស្ថានភាពអស្ថិរភាព និងអសន្តិសុខ ទាំងការពិតគឺមានតែមេដឹកនាំ និងសមាជិកបក្សប្រឆាំងដែលប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ ដែលស្ថិតក្នុងស្ថានការណ៍អស្ថិរភាពនោះ។ ចេតនាមួយទៀតក្នុងការហែរញត្តិ គឺបក្សប្រឆាំងគ្រាន់តែចង់បង្វែរការយល់ឃើញរបស់មហាជន កុំឱ្យមើលពីកំហុសរបស់ពួកគេ ហើយងាកទៅមើលអំពីសកម្មភាពតវ៉ា និងការទប់ស្កាត់របស់សមត្ថកិច្ច ចំពោះភាពរញ៉េរញ៉ៃរបស់ពួកគេទៅវិញ។ មានន័យថា ពួកគេចង់យកសកម្មភាពកូរសង្គមនេះ ដើម្បីបិទបាំងទោសកំហុសរបស់មេដឹកនាំ និងបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយល់ឱ្យច្បាស់ ពីចេតនាហែរញតិ្តរបស់បក្សប្រឆាំងនៅពេលនេះ ចៀសវាងទៅចូលរួមដោយយល់ថា ដើម្បីបុព្វហេតុជាតិ តែធាតុពិតគឺ បំរើឱ្យមហិច្ឆតាបំពានច្បាប់ បិទបាំងកំហុសបុគ្គល បង្វែរស្ថានការណ៍ពិតដែលកំពុងហ៊ុមព័ន្ធដោយបទល្មើស ហើយយកប្រជាពលរដ្ឋទៅ ពាំងបញ្ហារបស់ ពួកគេទៅវិញ។ ម្យ៉ាងវិញទៀត ការហែរញត្តិនេះ គឺនឹងគ្មានបានលទ្ធផលអ្វីនោះទេសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រៅពីការកេងចំណេញរបស់បក្សប្រឆាំង លើសកម្មភាពរបស់អ្នកចូលរួមនោះទេ។ ហើយចុងបញ្ចប់ ដំណោះស្រាយនយោបាយសម្រាប់ គណបក្សប្រឆាំងនឹងប្រាកដជាគ្មាននោះឡើយ ទោះបីជាហែរញត្តិឡើងទៅដល់ឋានលើ ឬចុះទៅដល់ឋានក្រោមទៀតដ៏ដោយ៕