(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃអគ្គបញ្ជការដ្ឋាន កងយោធពលខេមរភូមិ បានកោះប្រជុំមន្រ្តីជាន់ខ្ពស់ នៃអគ្គបញ្ជាការដ្ឋានជាច្រើនរូប ដើម្បីដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួនសំដៅធ្វើការឆ្លើយតប ឲ្យបានកាន់តែឆាប់រហ័សទៅលើការបំភ័ន្តព័ត៌មាន នៅតាមបណ្តាញសង្គម Facebook ដែលគេចាត់ទុកថា នាំឲ្យមានការយល់ច្រឡំលើ ស្ថាប័នកងទ័ព ឬអាចឈានទៅសាង ភាពចលាចលក្នុងសង្គមនោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា បណ្តាញសង្គម Facebook ជាបណ្តាញមួយកំពុងពេញនិយម ដែលផ្តល់ព័ត៌មានទាន់ហេតុការណ៍។ តែទន្ទឹមនឹងការផ្តល់ព័ត៌មាន សម្បូរបែបហើយនោះ ក៏មានជនមួយចំនួនឆ្លៀត និយាយខុសពីការពិតផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នាយទាហាន ពលទាហានត្រូវតែឆ្លើយតបឲ្យ បានរហ័សទៅលើព័ត៌មាន ខុសពីការពិតទាំងនោះ។ «នាយទាហាន ពលទាហាន ត្រូវធ្វើការតាមដាន វិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីវាយបកទាន់ពេលវេលា នូវឧបាយកលពិសពុល ដែលនាំឲ្យមហាជនយល់ច្រឡំ និងបង្ករដល់ស្ថេរភាព សន្តិសុខសង្គម»

ការប្រជុំដាក់វិធានការឆ្លើយតប និងព័ត៌មានតាមបណ្តាញសង្គម Facebook របស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅក្រោយពេលដែល គេសង្កេតឃើញថា ក្នុងមួយរយៈចុងក្រោយនេះ មានអ្នកលេង Facebook បានរិះគន់ប៉ះពាល់ទៅលើថ្នាក់ដឹកនាំ នៃស្ថាប័នកងទ័ព។ ដូចជា ការចោទប្រកាន់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលលើកឡើងថា ស្ថាប័នកងទ័ពមិនដាក់តាំងរូប ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ កងទ័ពបង្កើតមកការពារតែបក្សពួកខ្លួន និងថាកងទ័ពធ្វើការហ្វឹកហ្វឺន ដើម្បីគំរាមកំហែងបក្សប្រឆាំងជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ស្ថាប័នកងទ័ពជាស្ថាប័នអព្យាក្រឹត្យ ដែលត្រូវតែការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ស្របច្បាប់តាមឆន្ទៈរាស្រ្ត ហើយត្រូវប្រឆាំងដាច់ខាតនូវសកម្មភាពទាំងឡាយប៉ុនប៉ងបង្កចលាចលនៅក្នុងសង្គមខ្មែរ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកការលើកឡើងរបស់ព្រះអង្គម្ចាស់ ធម្មិកោ គឺជាការលើកឡើងដោយខ្វះមូលដ្ឋាន និងមិនដែលចូលទៅមើលឲ្យបាន ជាក់ស្តែងតាមស្ថាប័នរបស់កងទ័ព៕