(ក្រចេះ)៖ ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២,០៤៥ប័ណ្ណ ត្រូវបានបន្តរនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ នៅភូមិចំនួន២ ក្នុងឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមអធិបតីភាពលោក ហេង សុថា អភិបាលរងខេត្ត និងក្រុមជំនាញបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ក្រុមមន្រ្តីស្ម័គ្រចិត្ត និងប្រជាពលរដ្ឋប្រមាណ២៥០នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។

លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម និងសំណង់ខេត្ត បានបញ្ជាក់ថា តបតាមផែនការរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ២០២៦ នឹងបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស។ សម្រាប់ខេត្តក្រចេះ បាននិងកំពុងមមាញឹក ក្នុងការចុះវាស់វែង និងចុះបញ្ជីដីធ្លីនៅតាមមូលដ្ឋានប្រជាពលរដ្ឋ និងបានសម្រេចចេញប្លង់កម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន២ភូមិទៀត ក្នុងនោះឃុំហាន់ជ័យសរុប២,០៤៥ប័ណ្ណ។

លោកថា ក្រុមការងារបច្ចេកទេស នឹងបន្តចុះវាស់វែងពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឲ្យបានចប់តាមផែនការណែនាំរបស់ក្រសួង ហើយសម្រាប់ស្រុកឆ្លូង គឺជាលើកទី៣ ហើយដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារបច្ចេកទេសនាំរបស់ប័ណ្ណកម្មសិទ្ធិដីធ្លីមកប្រគល់ជូន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ហេង សុថា បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះដោយការទទួលខុសត្រូវ និងតម្លាភាព។ ក្បាលដីដែលបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដាក់ធានាខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅបាន។

លោកបន្ដថា ការចែកប្លង់រឹងនេះ គឺជាសមិទ្ធផលដ៏ធំធេងរបស់រដ្ឋបាលខេត្ត ពិសេសក្រុមការងារបច្ចេករបស់មន្ទីរដែនដី ដើម្បីផ្តល់សេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិគ្រប់ គ្រងកាន់កាប់ដីស្រប់ច្បាប់ និងប្រើប្រាស់អាស្រ័យផល ដោយមិនមានភាពភ័យខ្លាចខុសពីកាលនៅសម័យសង្រ្គាមប្រល័យពូជសាសន៍ ប៉ុលពត ប្រជាជនគ្មានសិទ្ធិសេរីភាពគ្រប់គ្រង និងកាន់កាប់ទទួលបានអ្វីគ្រប់បែប យ៉ាងនោះឡើយ។

លោកអះអាងថា ទាំងនេះគឺបានមកពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសក្រោមនយោបាយដឹកនាំសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី រហូតមករាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាអាណត្តិទី៧ នៃរដ្ឋសភានេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ ក្នុងនោះបានធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឲ្យកាន់តែស៊ីជម្រៅជាមួយ និងការបង្កើតឲ្យមាននូវគោលនយោបាយដីធ្លីទាំង៣ចំណុច រួមមាន៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវថែរក្សាប័ណ្ណនេះឲ្យមានសុវត្ថិភាព ទុកជាប្រយោជន៍ដល់កូនចៅសាច់ ញាតិ និងសូមចូលរួមថែរក្សា និងយោគយល់គ្នាអំពីទំនាស់ព្រំដី និងរួមគ្នាដោះស្រាយឲ្យបាននូវទំនាស់ក្រៅប្រព័ន្ធតុលាការ៕