(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល ៧៦ថ្ងៃ ក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងក្នុងប្រព័ន្ធតុលាការ ក្រសួងយុត្តិធម៌ទទួលបានបណ្តឹងចំនួន៧៩៧ ក្នុងនោះមាន ៤៥ភាគរយ បានប្តឹងថាមានភាពមិនប្រក្រតី និង៥៥ភាគរយទៀតប្តឹងឱ្យជួយពន្លឿនរឿងក្តីរបស់ពួកគេ។

លោក ជិន ម៉ាលីន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។

លោក ជិន ម៉ាលីន បានឱ្យដឹងដូចនេះថា៖ « យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីទៅតាមតុលាការ គឺឃើញថា ក្នុងរយៈពេល ៧៦ថ្ងៃនេះ យើងទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ៧៩៧ករណី ដែលប្រជាពលរដ្ឋប្តឹងមកខាងគណៈបញ្ជាការក្នុងយុទ្ធនាការ ក្នុងនោះមាន ៤៥ភាគរយពាក់ព័ន្ធនឹងការប្តឹងរឿងមិនប្រក្រតី ដែលមានន័យថា ការដោះស្រាយរឿងរបស់ពួកគាត់មានភាពមិនប្រក្រតី ហើយចំណែក៥៥ភាគរយទៀត ប្តឹងឱ្យជួយពន្លឿនជំរុញផ្ទៀងផ្ទាត់ទៅកាន់សាលាជម្រះក្តីធ្វើយ៉ាងណាឱ្យបានលឿន»

លោក ជិន ម៉ាលីន បានសន្និដ្ឋានថា ក្នុងចំណោមរឿងទាំង ៧៩៧បណ្តឹឹង មានតែ ៤៥ភាគរយដែលបានប្តឹងថា រឿងរបស់ពួកគាត់មានភាពមិនប្រក្រតី ក្រោយតុលាការសម្រេចក្តីហើយ ហើយក៏មានរឿងមួយចំនួនទៀតមិនទាន់បានតុលាការសម្រេចក្តីផង នៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ដោយសារពួកគាត់មានការព្រួយបារម្ភខ្លាចតុលាការសម្រេចមិនត្រឹមត្រូវ។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ក្នុងចំណោមភាពមិនប្រក្រតីទាំង ៤៥ភាគរយ មាន (១) តុលាការសម្រេចហើយគាត់បានចាញ់ក្តី ហើយពេលគាត់ចាញ់ក្តី គាត់បានប្តឹងមកថាមិនប្រក្រតី (២) តុលាការមិនទាន់បានសម្រេចនោះទេ ក៏ប៉ុន្តែគាត់មានការបារម្ភខ្លាចតុលាការសម្រេចមិនត្រឹមត្រូវ មិនយុត្តិធម៌សម្រាប់គាត់។ ចំណែក ៥៥ភាគរយទៀត គឺបណ្តឹងជំរុញពន្លឿន សុំឱ្យក្រសួងជួយពន្លឿនរឿងរបស់គាត់ឱ្យបានលឿនបន្តិចផងដែរ។

ក្រសួងយុត្តិធម៌ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ក្នុងនោះមានការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការដាក់ចេញយុទ្ធនាការចំនួន២ គឺការដោះស្រាយសំណុំរឿងមិនប្រក្រតីនៅតាមតុលាការ និងការពន្លឿនរឿងក្តីនៅតុលាការផងដែរ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចាត់ផ្តើមទទួលពាក្យបណ្តឹងកាលពីថ្ងៃទី០១​ ខែមីនា ឆ្នាំ២០២៤។

បើតាមលោក ជិន ម៉ាលីន ក្នុងរយៈពេល ២៩ថ្ងៃចុងក្រោយនេះ ចាប់តាំងពីប្រកាសទទួលពាក្យបណ្តឹង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលបណ្តឹង រហូតដល់ ៤៧បណ្តឹងផងដែរ៕