(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព អបអរសាទរទិវាសង្គមកិច្ចពិភពលោក លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ»។

ថ្លែងក្នុងឱកាសនោះ លោក ជាសុមេធី បានលើកឡើងថា ឆ្នាំ២០២៤ នេះ ទិវាសង្គមកិច្ចពិភពលោកប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ» ដែលប្រកាសឲ្យប្រើប្រាស់ដោយ សមាគមសាលាសង្គមកិច្ចអន្តរជាតិ ក្រុមប្រឹក្សាសុខុមាលភាពសង្គមអន្តរជាតិ និងសហព័ន្ធអ្នកសង្គមកិច្ចអន្តរជាតិ បានសង្កត់ធ្ងន់ពីលទ្ធភាពដែលវិជ្ជាជីវៈសង្គមកិច្ចអាចប្រកាន់យកនូវគោលការណ៍ «ប្វេនវីវៀ Buen Vivir» មានន័យថា «សុខុមាលភាពពិតប្រាក គឺអាចសម្រេចបានលុះត្រាតែសហគមន៍មួយរស់នៅដោយសុខដុមនីយកម្មជាមួយធម្មជាតិ និងការងាររួមគ្នា ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយតុល្យភាព»។

លោកបានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីអបអរសាទរទិវាសង្គមកិច្ចពិភពលោកនេះឡើង ដោយសហការជាមួយអង្គការដៃគូ សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ច គ្រឹះស្ថានអប់រំ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការងារសង្គមកិច្ច និងការអភិវឌ្ឍន៍កម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបរិបទនៃការរីកចម្រើនគ្រប់វិស័យដែលជាផលនៃសន្តិភាព។

ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញក្នុងពិធីបិទសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោករដ្ឋមន្ដ្រី ជា សុមេធី បានយកឱកាសនៃការប្រារព្ធទិវាសង្គមកិច្ចពិភពលោកលើកទី១៦នេះ ដាក់ចេញនូវទិសដៅការងារចំពោះមុខមានដូចខាងក្រោម៖

* អង្គភាពចំណុះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ ត្រូវសហការ និងពន្លឿនការអនុវត្តអនុសាសន៍ទី១៤ របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើនចំនួន និងទទួលស្គាល់កម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំងសេវាសង្គមទាំងនេះ ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ និងជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ចដើម្បីធានាគុណភាព ការផ្តល់អាជ្ញាបណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គម និងការការពារហានិភ័យវិជ្ជាជីវៈដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ។

* ត្រូវរៀបចំផែនការសកម្មភាព និងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជាឆ្នាំ២០២២-២០៣១ និងផែនយុទ្ធសាស្រ្តដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គម «ផ្តោតលើកិច្ចការពារកុមារ» ២០២១-២០២៥។

* ត្រូវរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិវាជាតិសង្គម ដើម្បីស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល។

* បន្តរៀបចំទិវាសង្គមកិច្ចពិភពលោកប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម

* ត្រូវបង្កើតឱ្យមានវេទិកាពិភាក្សាចែករំលែកបទពិសោធន៍អំពីការងារសង្គមកិច្ច និងផលិតឧបករណ៍ផ្សព្វផ្សាយអំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម៕