(កំពង់ចាម)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនរដ្ឋបាលខេត្តកំពង់ចាម។

លោកបណ្ឌិតរដ្ឋលេខាធិការ បានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងអ្នកចូលរួមទាំងអស់ បានយល់ដឹង និងទទួលបាននូវអនុសាសន៍ផ្ដាំផ្ញើដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដើម្បីចូលរួម សហការអនុវត្តទិសដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសក្នុងកម្មវិធីទាំង៤ ក្នុងឆ្នាំ២០២៤ និងឆ្នាំខាងមុខឲ្យបានជោគជ័យ។

អភិបាលរងខេត្តកំពង់ចាមលោក ស្រី សុភ័ក្រ្ត បានថ្លែងថា កិច្ចប្រជុំនេះ យើងនឹងបានស្តាប់នូវរបាយការណ៍យ៉ាងលំអិត ស្ដីពីលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២៣ ការលំបាក ស្នើសុំសំណូមពរ និងដំណោះស្រាយ និងលើកទិសដៅការងារ ឆ្នាំ២០២៤ លើកម្មវិធីទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលក្នុងនោះ៖ 

*ទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍
*ទី២៖ ការកែលម្អលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ
*ទី៣៖ ការធ្វើពិពិកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ
*ទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេចបាន។

ជាមួយគ្នានេះ អង្គប្រជុំក៏ទទួលបាននូវ អនុសាសន៍ដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ចំនួន១៣ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះផងដែរ៕