(មណ្ឌលគិរី)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ដែលជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ទាក់ទិនបទល្មើសទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ កម្លាំងសមត្ថកិច្ចក៏កំពុងបើកប្រតិបត្តិការបោសសម្អាត និងចាត់វិធានការច្បាប់ ចំពោះជនខិលខូចដែលធ្វើសកម្មភាពបែបនេះ នៅខេត្តពោធិ៍សាត់ផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បានអះអាង និងដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធដែលចូលរួមប្រតិបត្តិការនេះ ត្រូវបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងព្រមានដល់អ្នកដែលនៅពីក្រោយខ្នងត្រូវដកខ្លួនចេញពីបន្ទាន់៕