(ភ្នំពេញ)៖ លោកបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំហោងសំណំ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ៤លានរៀល របស់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភដល់ប្រជាពលរដ្ឋឆេះផ្ទះនៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២ភ្លឺ ម្ចាស់ផ្ទះឈ្មោះ សូត្រ សុីម ភេទប្រុស អាយុ ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ លឿង វើន អាយុ ៤៣ឆ្នាំ មានកូនតូច ៥នាក់ក្នុងបន្ទុក នៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងគ្រោះដោយភ្លើងឆេះផ្ទះ។

ហេតុការឆេះផ្ទះខាងលើ បានបំផ្លាញទ្រព្យសម្បត្តិដូចជា៖ ផ្ទះរស់នៅមានទំហំប្រវែង ៦ម៉ែត្រx៧ម៉ែត្រ កម្ពស់ ៣ម៉ែត្រកន្លះ ក្រាលក្ដារជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង។ ផ្ទះបាយទំហំប្រវែង ៨ម៉ែត្រx៩ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ។ គោយន្ដមួយ ម៉ូតូមួយគ្រឿង ស្រូវ ៨តោន មាសមួយតម្លឹង លុយ ១៥០០ដុល្លា កងមួយគ្រឿង ម៉ាសុីនកាតស្មោមួយគ្រឿង ទូរស័ព្ទ៤គ្រឿង សញ្ញប័ត្រទី១២ ករណីភ្លើងឆេះផ្ទះនេះគឺមានការខូចខាតទាំងស្រុង មូលហេតុមកពីភ្លើងចង្រ្កាន ដោយគ្មានអ្នកប៉ុនប៉ងធ្វើបាបដុតបំភ្លិតបំផ្លាញទ្រព្យសម្បិត្តរបស់គាត់ទេ។

លោកបណ្ឌិត កែរ រដ្ឋា បានឱ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋក្នុងពេលលំបាក មានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងនីតិកាលទី៧នេះ បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាជន ខឹតខំកសាងអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនជឿនលឿន រុងរឿងថ្កុំថ្កើងរហូតដល់សព្វថ្ងៃនេះ៕