(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងអធិការកិច្ច នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ (CAP4) និងបទពិសោធនៃការរៀបចំថវិកាព័ត៌មានសមិទ្ធកម្ម នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម។

សិក្ខាសាលានេះមានការចូលរួមពីលោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងអស់លោក លោកស្រី សមាជិក សមាជិកា នៃក្រសួងអធិការកិច្ច សរុបចំនួន ២៥៣នាក់ ដែលប្រារព្ធធ្វើនៅសណ្ឋាគារសាន់ និងមូន រីវើសាយ ។

នាឱកាសនោះលោករដ្ឋមន្រ្តី បានឱ្យដឹងថា​ ប្រទេសកម្ពុជាបាននិងកំពុងវិវត្តរីកចម្រើនទៅមុខ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ គិតមកដល់ពេលនេះមានរយៈពេលជាង ២៥ឆ្នាំមកហើយ។

លោក ហួត ហាក់​ បានបន្ថែមថា​ មរតកសន្តិភាពដ៏ពិសិដ្ឋិនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបានផ្តល់នូវកាលានុវត្តភាពដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ហើយសមិទ្ធផលទាំងនេះបាននិងកំពុងជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

លោករដ្ឋមន្រ្តី បានបន្តថា ក្រសួងអធិការកិច្ច ដែលជាអធិការកិច្ចរាជរដ្ឋាភិបាល ដែលដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលលើការលើកកម្ពស់អភិបាលកិច្ច ពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយបន្តអនុវត្តនូវអភិក្រមទាំង៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» និង ការកំណត់ទស្សនៈជាក់លាក់របស់សម្តេចគឺ «អធិការកិច្ចជាភ្នែក, ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី បានគូសរំលេចអំពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

លោកបញ្ជាក់ថា​ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាការងារមួយដែលមានលក្ខណៈប្រទាក់ក្រឡា និងអន្តរវិស័យដែលតម្រូវឱ្យមានការចូលរួមឱ្យបានសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់ភាគី និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ទើបអាចសម្រេចចក្ខុវិស័យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។

លោករដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា សិក្ខារសាលានេះ នឹងរួមចំណែកដើម្បីប្រែក្លាយគោលនយោបាយ និងកម្មវិធីកែទម្រង់ឱ្យស្តែងឡើងជាលទ្ធផល ក្នុងភាពជាក់ស្តែងតាមការរំពឹងទុក។ ដើម្បីឱ្យសិក្ខាសាលានៅថ្ងៃនេះប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កា និងមានភាពសកម្ម លោករដ្ឋមន្ត្រី​ ក៏បានស្នើលោក លោកស្រី ជាសិក្ខាកាមបង្កើនស្មារតីយកចិត្តទុកដាក់ស្តាប់ និងតាំងជាសំណួរផ្សេងៗ ទៅកាន់លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាគ្រូបង្គោលមានបទពិសោធន៍ សម្រាប់ជាប្រយោជន៍យកមកអនុវត្តនៅក្នុងការងាររបស់ខ្លួន៕

http://image.freshnewsasia.com/2021//fn-2024-03-28-20-41-04-0.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-06-1.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-07-2.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-09-3.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-11-4.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-13-5.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-16-6.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-18-7.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-20-8.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-23-9.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-25-10.JPG http://image.freshnewsasia.com/2021//fn-2024-03-28-20-41-27-11.JPG