(ចិន, ហៃណាន)៖ មន្ត្រីជាន់ខ្ពស់នៃសភាប្រជាជនចិន បានបង្ហាញជំហរឥតងាករេរបស់ចិន បន្តប្រកៀក​ស្មាជាមួយកម្ពុជា ជំរុញកិច្ចអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដើម្បីឆ្ពោះទៅរកការរីក​ចម្រើន នាំប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា-ចិន។

ជំហរដ៏ភក្តីរបស់ចិនគាំទ្រដល់កិច្ចប្រឹងប្រែងលើកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ត្រូវបានប្រកាសឡើងដោយ​លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ក្នុងពេលជួបពិភាក្សាការ​ងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះលោក ចាវ ឡឺជី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូល​រួ​ម​វេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ លោក ចាវ ឡឺជី បានប្រកាសថា ចិន នៅតែបន្តរក្សាជំហរជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយ​កម្ពុជាក្រោម​ក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ និងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ ដោយផ្តោត​សំខាន់​ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជា​ជន​ទាំង​ពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆា និងអង្ករ។

លោក ចាវ ឡឺជី ក៏បានប្រកាសជំរុញអ្នកវិនិយោគរបស់ចិន​មកវិនិយោគនៅកម្ពុជាបន្ថែមទៀត​លើវិស័យ​ជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍​ជា​ដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្ក្រាប​បទ​ល្មើសតាមតាមអនឡាញ។

លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទ​សម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិ​ការល្អ​រវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម។

ក្នុងឱកាសនោះ ចាវ ឡឺជី បានសម្តែងការអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ជាពិសេសអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានាសប្តាហ៍ក្រោយនេះ។

លោក ចាវ ឡឺជី បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលា​​សមស្របណាមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំការសួរសុខទុកសម្តេច​ពីសំណាក់ប្រធានាធិបតី ស៊ី ជិនពីង។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណភាគីចិនដែលតែង​តែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក៕