(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្មើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សូមបន្តផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបណ្ណ។

ការថ្លែងបែបនេះ ខណៈលោក ម៉ៅ ធនិន និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ចូលរួមជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកំពត ដែលបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោកអភិបាលខេត្តកំពត ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានធំទូលំទូលាយ និងចូលរួមអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវចូលរួមអនុវត្តគោលយោបាយ និងនូវកម្មវិធីការងារនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ពិសេសជួយសាបព្រោះវប្បធម៌កតញ្ញូនៅក្នុងមូលដ្ឋាន។

ទន្ទឹមកនេះ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការងាររបស់សមគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាឆ្នាំកន្លងមក ហើយថាអាជ្ញាធរ និងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពត មានការសហការគ្នាបានល្អ ក្នុងការបំពេញភារកិច្ចតួនាទី ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ រស់នៅក្រោមដំបូលម្លប់សន្តិភាព។

លោកអភិបាលខេត្ត ក៏បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមទ្ធិផលការងាររបស់សមគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពត នាពេលកន្លងមក គឺគ្រប់មូលដ្ឋានមានភាពល្អប្រសើរ ពលរដ្ឋមានភាពកក់ក្តៅ ពោរពេញដោយស្នាមញញឹម ពេញចិត្តទទួលយកផលប្រយោជន៍ដែលកើតចេញអំពីកត្តាសុខសន្តិភាព។

លោក ស៊ីវ យុត ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ ឬសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពត បានលើកឡើងបញ្ជាក់ថា ការបង្កើតសមាគមនេះឡើងក្នុងគោលបំណង លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សមាគមមានទិសដៅ ពង្រឹងស្ថាប័នសមាគម ដែលជាយន្តការតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពត ឲ្យមានសមត្ថភាពជំនាញ និងវិជ្ជាជីវៈ ដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍សមាជិក ពង្រឹងចីរភាពហិរញ្ញវត្ថុ របស់សមាគម តាមរយៈយន្តការ និងនីតិវិធី ដែលធានាដល់ចីរភាពហិរញ្ញវត្ថុ ហើយមិនប៉ះពាល់ឯករាជ្យភាពរបស់សមាគម អភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ តាមរយៈការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ការទំនាក់ទំនង និងសម្របសម្រួលលើរាល់បញ្ហា និងតម្រូវការរួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ការលើកកម្ពស់សមធម៌យេនឌ័រនៅក្នុងគោលនយោបាយជាតិ ដោយជំរុញឲ្យមានការចូលរួមរបស់ស្រ្តីនៅក្នុងក្រុមប្រឹក្សា និងនៅក្នុងសមាគម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងគិតគូពីការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិក។

នាឱកាសនោះ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក៏បានណែនាំ និងស្នើដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្តកំពត ចូលរួមពិនិត្យ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រ ទាំង៧របស់សមាគម បន្តតាមដានពិនិត្យមើលសមាជិក ថាតើគាត់បានគោរពសមស្របតាមភារកិច្ច និងតួនាទីរបស់ខ្លួនហើយឬនៅ និងរកឲ្យឃើញថាតើសមាជិកត្រូវការអីពិតប្រាកដត្រូវចូលរួមដោះស្រាយបញ្ហាប្រឈម នៅចំពោះមុខ បើដោះមិនរួចត្រូវបញ្ជូនទៅថ្នាក់ជាតិ ត្រូវបង្កើតការស្រឡាញ់ចំពោះភារកិច្ចដែលខ្លួនកំពុងធ្វើ ស្រឡាញ់ការងារ ពេញចិត្តនឹងសមទ្ធិផល ដែលខ្លួនកំពុងទទួលបាន៕