(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក ហ័ង អាន់ឌុង ប្រធានក្រុមហ៊ុន SIPCO និងប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារអំពីឱកាសសហប្រតិបត្តិការមនុស្សធម៌រវាងក្រុមហ៊ុន SIPCO នៃប្រទេសវៀតណាម ជាមួយកាកបាទក្រហមកម្ពុជា ។ជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ លោក ហ័ង អាន់ឌុង បានបញ្ជាក់ជូនពីគោលបំណងរបស់ក្រុមហ៊ុនដែលចង់មានកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការផ្តល់ផើងចម្រោះទឹកស្អាត និងស្ថានីយ៍ចម្រោះទឹកស្អាតនៅតាមសាលារៀន ឬអណ្តូងស្នប់ជូនដល់ប្រជាជន ដែលស្ថិតនៅតាមតំបន់ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

លោកស្រី អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសប្បាយរីករាយ និងបានគូសបញ្ជាក់ថា ចំពោះបញ្ហាអនាម័យទឹកស្អាតនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាត កន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យជាដើម ជូនដល់សិស្សានុសិស្ស និងប្រជាជនដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាលជាបន្តបន្ទាប់រួចមកហើយ។

ឆ្លើយតបចំពោះសំណើខាងលើរបស់ក្រុមហ៊ុន SIPCO, កាកបាទក្រហមកម្ពុជា នឹងស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយការសិក្សាជាមួយសាខាទាំង ២៥រាជធានីខេត្ត ដើម្បីពិនិត្យមើលលទ្ធភាពជូនសាខាណាខ្លះក្នុងការអនុវត្តគម្រោងខាងលើនេះ។

ជាមួយគ្នានេះលោកស្រីបានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលបានធ្វើនាពេលកន្លងមក ជាពិសេសទាក់ទងទៅនឹងប្រធានបទនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ ដែលកាកបាទក្រហមកម្ពុជា បានប្តេជ្ញាចិត្តរួមកម្លាំងជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ៕