(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក នៃមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រឹង-ពង្រីកសមិទ្ធផលជាវិជ្ជមានបន្ថែមទៀត ហើយកាត់បន្ថយនូវចំណុចអវិជ្ជមាន ឬចំណុចខ្វះខាតដែលមាន ដោយធ្វើយ៉ាងណា​បម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងភាពកក់ក្ដៅ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «សូមឱ្យសមិទ្ធផលជាវិជ្ជមានទាំងឡាយដែលមន្ទីរពេទ្យបានបង្កើតឡើង ទាំងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ សូមធ្វើយ៉ាងណាឱ្យកាន់តែមានល្អប្រសើរឡើងបន្ថែមទៀត ប្រកបដោយគុណភាព ដើម្បីធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពកក់ក្ដៅ ក្នុងទទួលសេវាសុខាភិបាលរបស់យើង»

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំផ្តល់សេវាព្យាបាលថែទាំជូនដល់អ្នកជំងឺទូទៅ ជាពិសេសស្ត្រី និងកុមារដោយស្មារតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងការកោតសរសើរនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើដល់មន្ទីរពេទ្យកុមារជាតិ គួរតែបង្កើនចំនួនគ្រែទៅតាមសមាមាត្រនឹងកំណើនរបស់អ្នកជំងឺ​ជាបន្ដបន្ទាប់ ដោយស្របទៅនឹងហេដ្ឋារចនាសម្ព័ន្ធនៃអគារ ជាពិសេសដើម្បីតៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាសុខភាពផ្សេងៗដែលអាចកើតមាន សម្រាប់មាតា​ ទារក និងកុមារ។

ជាមួយគ្នានោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់នូវទស្សនទានមួយចំនួនដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលនូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៤ មានជាអាទិ៍៖

១៖ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង
២៖ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ
៣៖ ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឆ្លើយតបទៅតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រជាអាទិភាពទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺ
៤៖ យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង
៥៖ ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការងារយាមប្រចាំការក្នុងការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង១សប្តាហ៍ របស់មន្ត្រី បុគ្គលិកគ្រប់ផ្នែក
៦៖ ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការព្យាបាលជំងឺ ពិសេសសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ
៧៖ ពង្រឹងការងារគ្រប់គ្រង និងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។

ជាងចុងក្រោមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏មានជំនឿយ៉ាងមុតមាំថា រយៈពេលមួយថ្ងៃនៃសន្និបាតបូក សរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលអាចយកទៅប្រើប្រាស់ជាចំណេះដឹងក្នុងការកែលម្អ និងរៀបចំផែនការការងាររបស់មន្ទីរពេទ្យនាឆ្នាំ២០២៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕