(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីប្រតិបត្តិសាខា សហការជាមួយលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្ស នៃអនុវិទ្យាល័យជ្រោយស្តៅ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

កម្មវិធីនេះ មានការចូលរួមពីសិស្សានុសិស្សចំនួន៤៤២នាក់ ស្រី២២១នាក់ ក្នុងគោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនានា ខណៈបញ្ហានេះ បាននិងកំពុងក្លាយទៅជាប្រធានបទមួយ យ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមានការចូលរួម គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ។

យុទ្ធនាការនេះ មានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។

លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង តំណាងលោក ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានសម្តែងនូវការព្រួយបារម្ភ អំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ នៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ។

ជាមួយគ្នា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្ត លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក៏បានលើកឡើងពីការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» «ប្តេជ្ញាឈប់ប្រើប្រាស់ប្លាស្ទិក» និងគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលវាផ្តល់ផលអាក្រក់ខ្លាំងដល់បរិស្ថាន និងសភាវៈមាន
ជីវិតទាំងអស់នៅលើភពផែនដី ពិសេសធ្វើឲ្យផែនដីឡើងកំដៅ វាត្រូវការចំណាយពេលរហូតដល់ទៅរាប់សិបឆ្នាំ ទើបអាចរលាយបាន មិនតែប៉ុណ្ណោះការដុតកាកសំណល់ថង់ប្លាស្ទិក ក៏មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសុខភាព មនុស្ស សត្វ ផងដែរ ដោយនៅក្នុងផ្សែងដែលចេញពីការដុតនោះមានផ្ទុកសារធាតុឌីអុកស៊ីត ដែលជាភ្នាក់ងារបង្កជំងឺមហារីក និងបំផ្លា
ញស្រទាប់អូហ្សូន ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួម ក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ។

ក្នុងឱកាសនោះក្រុមការងារក៏បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភ័ក្ត ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹង ចង់សាកឱ្យសោះ ព្រោះថា គ្រឿង
ញៀនវាធ្វើឲ្យយើងបាត់បង់នូវសមត្ថភាព ក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើអប្បាយមុខផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

នៅក្នុងឱកាសនោះ ក្រុមការងារ បានរៀបចំជាសំណួរចម្លើយ ព្រមទាំងបានចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ជាច្រើនទៀតផងដែរ៕