(ភ្នំពេញ)៖ ទោះបីជាគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ខំប្រឹងប្រែងទប់ស្កាត់ និងណែនាំយ៉ាងណាក៏ដោយ គេសង្កេតឃើញនៅតែមានការផ្សព្វផ្សាយ ពីល្បែងអនឡាញយ៉ាងគឃ្លើន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ នេះថា តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងចាត់វិធានការចំពោះល្បែងផ្សងសំណាងខុសច្បាប់ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។

លោក រស់ ភីរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ននេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចាត់វិធានការចំពោះការផ្សព្វផ្សាយ អំពីល្បែងស៊ីសងខុសច្បាប់ ដោយបានធ្វើការបង្ហោះផ្សាយលើទំព័រ Facebook អំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ចំនួន ១២លើក ស្មើនឹង ២០៧ គណនី Facebook ដែលបានផ្សព្វផ្សាយល្បែងអនឡាញ ព្រមទាំងធ្វើការអំពាវនាវ ក្រើនរំលឹកដល់សាធារណជន កុំឱ្យចូលរួមក្នុងសកម្មភាពល្បែងទាំងនោះផងដែរ»

ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កោះហៅតារាល្បីៗដែលចូលរួមផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់ មកធ្វើការណែនាំ និងចុះកិច្ចសន្យា ឈប់ចូលរួមផ្សព្វផ្សាយអំពីល្បែងខុសច្បាប់ និងបានស្នើសុំទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបិទគេហទំព័រល្បែងអនឡាញ បានចំនួន ១១២ គេហទំព័រ។

បើតាមលោក រស់ ភីរុណ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថែមទាំងបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិចំនួន ៥ លើក នៅខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ និងបន្តរៀបចំកិច្ចប្រជុំពិភាក្សានេះនៅតាមបណ្ដាខេត្តផ្សេងៗទៀត។

សូមជម្រាបថា បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង ទូទាំងប្រទេស បន្ទាប់ពីតារាកំប្លែង នាយគ្រឿង បានច្រៀង និងផលិតវីដេអូចម្រៀង ដើម្បីផ្សព្វផ្សាយឲ្យមហាជនលេង ល្បែងអនឡាញ។ ដោយសារប្រតិកម្មខ្លាំងៗពីអ្នកជំនាញ និងមហាជនផងនោះ នាយគ្រឿងបានចេញវីដេអូសុំទោសជាសាធារណៈ និងសម្រេចលុបបទចម្រៀង ផ្សាយពីល្បែងអនឡាញនោះ ចេញពីបណ្តាញសង្គមវិញហើយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤៕