(ភ្នំពេញ)៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន បានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ដឹកនាំដោយលោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោក ស៊ិន មីងរ៉ុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្មចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មចិននៅកម្ពុជានាពេលកន្លងមក។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និង​ប្រកបអាជីវកម្មលើវិស័យជាច្រើន រួមមាន ដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពស្នើសុំការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយនៃការគ្រប់គ្រងកម្លាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្មចិន ដែលបានបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ដែលនេះបង្ហាញពីការជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ សម្ដេចធិបតី បានបញ្ជាក់ជូនដល់លោកប្រធានក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន និង​ជាក់ស្តែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។

សម្តេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងតែដាក់ចេញគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាបាននូវធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។

សម្តេចធិបតី បានបន្ថែមថា ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូលតាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់ភាពងាយស្រួល និងការគាំទ្រដល់ដំណើរការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ជាង ៦០ភាគរយ និងកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០ភាគរយ ត្រឹមឆ្នាំ២០៣០។

ក្នុងជំនួបនោះ សម្ដេចធិបតី បានបញ្ជាក់លោកប្រធានក្រុមហ៊ុន និងគណៈប្រតិភូអំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាសយានដ្ឋានអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមហ៊ុន និងឧស្សាហកម្មដែលចូលជួបសម្តេចធិបតីរួមមាន៖

ជួបជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ​២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

សូមជម្រាបជូនថាប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន៖
១. Zhejiang Zhongchao New Material Co., Ltd.
២. Yongsheng Holding
៣. CHINESE INVESTMENT IN CAMBODIA
ASSOCIATION (CICA)
៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit Garment
Inc.,Aroma Success Garment )
៥. Titan Stone Real Estate Group
៦. Qingdao Huatong State-Owned Capital
៧. Guangdong Huate Gas Co., Ltd.
៨. Titan Stone Life Insurance Group
៩. China Everbright Environment Group Limited
១០. Nam Liong Group
១១. Shanghai Shirong Paper Industry Co.,Ltd.
១២. Qingdao Huijun Engeering Co.,Ltd
១៣. Informaxx International Investment Co.,
Ltd.
១៤. R&F PROPERTIES HS(CAMBODIA)
CO.,LTD.
១៥. Shanghai. Celefit Limited
១៦. Alliance Promised Land
១៧. Zhongda United Holding Group Co., Ltd.