(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទេ្វភាគីជាមួយនាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថាអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា តាមរយៈអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើងគោក បានបើកទំព័រប្រវត្តិសាស្រ្តថ្មី ដល់ទំនាក់ទំនងទ្វេភាគីរវាងកងទ័ពជើងគោកប្រទេសទាំងពីរ កម្ពុជា-ចិន និងបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) បានបន្តថា ទំនាក់ទំនងទេ្វភាគីរវាងកងទ័ពជើងគោក ប្រទេសទាំងពីរ ពិតជាបានចូលរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ចិន-កម្ពុជា ហើយកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស តាមរយៈការផ្តល់វគ្គហ្វឹកហ្វឺន ការផ្លាស់ប្តូរគ្រប់កម្រិត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និងយុទ្ធសាស្រ្ត ស្របតាមគោលគំនិតថ្នាក់ដឹកនាំ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។