(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ បានទទួលរូបគំនូរ១ផ្ទាំងពីគ្រួសារអតីតអ្នកការទូតអូស្ត្រាលី ដែលជាស្នាដៃរបស់វិចិត្រករខ្មែរ លោក ញឹក ឌឹម តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០។

ពិធីប្រគល់ទទួលធ្វើឡើងក្រោមវត្តមានលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងគ្រួសារលោក Merrillees នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសារមន្ទីរ ស.ស.រ ផ្ទាល់។

គំនូរដ៏ស្អាតប្លែកនេះទទួលបាននៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ ដោយលោក Robert Merrillees និងភរិយារបស់លោក គឺលោកស្រី Helen ក្នុងអំឡុងអាណត្តិការទូតរបស់លោកនៅកម្ពុជា ដែលបង្ហាញពីទិដ្ឋភាពបែបជនបទនៃប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យសិល្បៈខុសប្លែកពីគេរបស់លោក ញឹក ឌឹម។ បន្ទាប់ពីបានខិតខំប្រឹងប្រែងស្តារឡើងវិញ ដោយចិត្តសប្បុរសគ្រួសារលោក Merrillees បានសម្រេចចិត្តបរិច្ចាគស្នាដៃដ៏កម្រនេះមកកាន់សារមន្ទីរ ស.ស.រ ដោយធានានូវការអភិរក្ស និងឱកាសសម្រាប់មនុស្សជំនាន់ក្រោយអាចទស្សនាបាន។ ហេតុនេះគំនូរនេះនឹងត្រូវបានបញ្ចូលទៅក្នុងសមុច្ច័យរបស់សារ‍មន្ទីរ ស.ស.រ។

សហប្រធានសារមន្ទីរ ស.ស.រ លោក ប្លែស គីលីយ៉ង់ បានកោតសរសើរចំពោះអំណោយដ៏ថ្លៃថ្លានេះ។ លោកលើកឡើងថា «យើងសូមអរគុណដល់គ្រួសារលោក Merrillees ដែលបានជ្រើសរើសសារមន្ទីរ ស.ស.រ ក្នុងការបរិច្ចាគគំនូរដ៏ស្អាតប្លែកនេះ។ ស្នាដៃរបស់លោក ញឹក ឌឹម គឺជាការឆ្លុះបញ្ចាំងពីទិដ្ឋភាពវប្បធម៌ និងសិល្បៈដ៏រស់រវើកដែលរីកដុះដាលនៅក្រោយពេលទទួលបានឯករាជ្យ និងមុនពេលប្រទេសត្រូវបានបំផ្លាញដោយសង្រ្គាម និងក្នុងរបបខ្មែរក្រហម។ ការបរិច្ចាគនេះកាន់តែមានអត្ថន័យ ព្រោះសារមន្ទីរទើបតែបានសម្ពោធផ្នែកនៃពិព័រណ៍អចិន្ត្រៃយ៍ដែលទើបបានកែលម្អ គឺសម័យឯករាជ្យ សាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម ដោយមានការពិពណ៌នាបន្ថែមអំពីការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមដែលបានកើតឡើងនៅពេលនោះ»

លោកស្រី Dolla S. Merrillees ដែលជាកូនស្រីរបស់លោក Robert Merrillees និងជាតំណាងគ្រួសារបានលើកឡើងពីសារសំខាន់នៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃការបរិច្ចាគនេះ៖ «យើងខ្ញុំពិតជារំភើបណាស់ដែលបានប្រគល់គំនូរនេះគូរដោយវិចិត្រករខ្មែរដ៏ល្បីល្បាញ គឺលោក ញឹក ឌឹម ជូនប្រជាជនខ្មែរ។ គំនូរនេះទទួលបានដោយឪពុកម្តាយខ្ញុំផ្ទាល់ពីវិចិត្រករនៅចុងទសវត្សឆ្នាំ១៩៦០ វាជាកម្មសិទ្ធិដ៏គួរឱ្យស្រឡាញ់ជាមួយនឹងរូបគំនូរដែលគាត់បានគូរពីគ្រួសាររបស់យើង។ ដោយសារស្នាដៃរបស់គាត់ភាគច្រើនត្រូវបានបំផ្លាញដោយរបបប៉ុលពតយើងខ្ញុំសង្ឃឹមថា គំនូរនេះនឹងផ្ដល់ភាពរីករាយដល់មនុស្សជំនាន់ក្រោយ»

សូមជម្រាបថា សារមន្ទីរ ស.ស.រ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាសម្រាប់បង្ហាញនិងផ្តល់ចំណេះដឹងដល់សាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងការវិវត្តនៃរូបិយវត្ថុនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នានូវវត្ថុបុរាណ និងបច្ចេកវិទ្យាទំនើបដែលជាសារ‍មន្ទីរដ៏ទំនើប៕