(ភ្នំពេញ)៖ បន្ទាប់ពីដកទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនោះ នៅ​ពេលនេះអ្នកវិនិយោគខ្នាតយក្សរបស់កូរ៉េខាងត្បូងជាង៣០ក្រុមហ៊ុន បាននិងកំពុងទស្សនកិច្ច​នៅកម្ពុជា ដើម្បីស្វះស្វែងរកឱកាសវិនិយោគ។

អ្នកវិនិយោគកម្រិតពិភពលោករបស់កូរ៉េខាងត្បូង ដែលកំពុងទស្សនកិច្ចនៅកម្ពុជា ស្វះស្វែងរកឱកាស​វិនិយោគ​នេះ មានដូចជា៖ ក្រុមហ៊ុន Maekyung Media Group, ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុម​ហ៊ុន LG Electronics, ក្រុមហ៊ុន CJ Group, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Daejoo KC Group, សម្ព័ន្ធសហគ្រាសធុនតូច​និង​មធ្យម KBIZ, ក្រុមហ៊ុន Booyoung Group, ក្រុមហ៊ុន Hanshin Engineering & Construction, ក្រុម​ហ៊ុន KORINDO Group, ក្រុមហ៊ុន Kolao Group និងសហព័ន្ធពិភពលោក​នៃសមាគមពាណិជ្ជកម្ម​កូរ៉េនៅក្រៅប្រទេសជាដើម។

ដើម្បីទទួលបានព័ត៌មាននានាពាក់ព័ន្ធការវិនិយោគនៅកម្ពុជា អ្នកវិនិយោគរបស់កូរ៉េខាងត្បូង នឹងចូលជួប​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាច្រើនផ្សេងទៀត។

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ អ្នកវិនិយោគរបស់កូរ៉េខាងត្បូងដែលកំពុងសម្លឹងរក​ឱកាស​​វិនិយោគនៅកម្ពុជានេះ ក៏បានចូលជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលព័ត៌មាននានាពាក់ព័ន្ធគោលនយោបាយស្តីពីការវិនិយោគ​របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយជាខ្លាំង ហើយបានចាត់ទុកដំណើរទស្ស​ន​កិច្ចស្វែងយល់ពីការវិនិយោគរបស់អ្នកវិនិយោគកូរ៉េខាងត្បូងនៅកម្ពុជានាពេលនេះ ជាការវិវឌ្ឍន៍ និងបោះ​ជំហាន​​ថ្មីមួយ​សម្រាប់ស្ថានភាពនៃការវិនិយោគនៅកម្ពុជាក្នុងទស្សនៈរបស់អ្នកវិនិយោគកូរ៉េខាងត្បូង។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «នេះជាលើកទី១ហើយ ក្នុងរយៈពេលដ៏យូរ យូរលង់ណាស់ ដែលយើងទទួលអ្នកវិនិយោគមកពីកូរ៉េក្នុងចំនួនដ៏ច្រើនកុះករ ហើយសុទ្ធតែជាក្រុមហ៊ុនធំៗ។ យើងបាត់គាត់យូរហើយរាប់សិបឆ្នាំ។ ខ្ញុំបាននិយាយជាមួយគាត់ សូមបើកទំព័រថ្មី»

ក្នុងជំនួបជាមួយអ្នកវិនិយោគកូរ៉េខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រឹងប្រែងបញ្ចុះ​បញ្ចូលអ្នកវិនិយោគទាំងនោះឱ្យសម្លឹងមើលពីសក្តានុពល និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញមូលហេតុចម្បងមួយចំនួន ដែល​អ្នកវិនិយោគបរទេសគួរ​វិនិ​យោគ​​នៅកម្ពុជា មានដូចជាកម្ពុជា ជាប្រទេសមានសុខសន្តិភាព និងស្ថេរភាព កម្ពុជា​មានកម្លាំងពល​កម្មវ័យ​ក្មេង មានគោលនយោបាយគាំពារអ្នកវិនិយោគប្រកបដោយភាពបត់បែន និងមានការគាំទ្រ ការ​អនុ​គ្រោះ​ខ្ពស់ពីរាជ​រដ្ឋាភិបាល អ្នកវិនិយោគបរទេសអាចដាក់ទុនវិនិយោគនៅកម្ពុជា១០០ភាគរយ ការ​ប្រតិ​បត្តិការសាច់ប្រាក់មិនមាន​កំណត់រូបិយប័ណ្ណ និងមានទីផ្សារទូលំទូលាយ តាមរយៈយន្តការ​អាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងតាមរយៈកិច្ចព្រមព្រៀង​ពា​ណិជ្ជ​កម្មសេរីទ្វេភាគី រវាងកម្ពុជា ជាមួយចិន ជាមួយកូរ៉េខាងត្បូងជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រួល​ដល់​ប្រព័ន្ធដឹងជញ្ជូន រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, គម្រោងពង្រីកកំពង់​ផែទឹកជ្រៅ​ខេត្ត​ព្រះ​សី​ហនុ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត ក៏ដូច​ជា​គម្រោងលើកកម្ពស់ផ្លូវដែកជាដើម។ ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោង​ដឹក​ជញ្ជូន​ផ្លូវទឹកដ៏សំខាន់តភ្ជាប់រវាងបណ្តាញទន្លេ ទៅកាន់ដែនសមុទ្ររបស់កម្ពុជាជាដើម។

លោកឧបនាយករដ្ឋមន្ត្រីដែលជាសេនាធិការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បាន​បង្ហាញជំនឿចិត្តថា ក្រោយដំណើរទស្សនកិច្ចនេះទៅអ្នកវិនិយោគរបស់កូរ៉េខាងត្បូង ដែលសុទ្ធសឹងជា​ក្រុម​ហ៊ុនធំៗនេះ នឹងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងកៀរគរ​អ្នកវិនិយោគថ្មីៗបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា។ ជាពិសេសចង់ប្រែក្លាយឧស្សាហកម្ម​ទៅជា​ឧស្សា​ហកម្មកម្រិតខ្ពស់ ឧស្សាហកម្មផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីលើកកម្ពស់ប្រាក់ឈ្នួល​ជូន​ប្រជា​ពល​រដ្ឋកាន់តែខ្ពស់។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញបំណងចង់ឃើញអ្នកវិនិយោគធំៗរបស់កូរ៉េខាងត្បូង ដាក់​ទុន​វិនិយោគលើផ្នែកអេឡិចត្រូនិក និងយានយន្តជាដើម ដើម្បីទទួលបានផលកម្រៃពីការវិនិយោគកាន់តែ​ខ្ពស់ជួយឱ្យកម្ពុជាឈានទៅសម្រេចផែនការសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ដើមឆ្នាំ២០២៤នេះ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជា មានចំនួន២២៨គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារអាមេរិក៕