(កំពត)៖ លោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារពាក់ព័ន្ធចម្រុះ ចុះអនុវត្តសាលក្រមរដ្ឋប្បវេណីស្ថាពរ លេខ២១៦ (ញ) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពត បានប្រព្រឹត្តធ្វើឡើងនៅសាលាឃុំកំពង់សំរោង និងលើទីតាំងដីផ្ទាល់ ស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងការចុះអនុវត្តសាលក្រមរដ្ឋប្បវេណីស្ថាពរខាងលើ ដែលបានសម្រេចឱ្យម្ដាយបង្កើតជាដើមចោទ ឈ្មោះ ឈុន ហឹង អាយុ ៨៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត មានអត្ថិភាពនៃសិទ្ធិលើកម្មសិទ្ធិលើដីទំហំ ៣១.៥៩ហិកតា ដែលមានព្រំប្រទល់ ខាងជើងទល់នឹងព្រែក, ខាងត្បូងទល់នឹងផ្លូវរថភ្លើង+ព្រែក, ខាងកើតទល់នឹងព្រែក, ខាងលិចទល់នឹងដីស្រែប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

ដោយតុលាការបង្គាប់ឱ្យចុងចម្លើយជាកូនប្រសារ ឈ្មោះ ណុប សារ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធត្រូវជាកូនស្រីបង្កើតរបស់ដើមចោទ ឈ្មោះ ហោ សឺយ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត ត្រូវចាកចេញពីទំហំដី ៣១.៥៩ហិកតា ស្ថិតក្នុងទីតាំងភូមិសាស្ត្រខាងលើ។ ហើយសាលក្រមស្ថាពររបស់សាលាដំបូងខេត្តកំពត ក៏ត្រូវបង្គាប់ឱ្យចុងចម្លើយឈ្មោះ ណុប សារ៉េត និងប្រពន្ធឈ្មោះ ហោ សឺយ ប្រគល់ដីទំហំ ៣១.៥៩ហិកតា មានទីតាំងក្នុងភូមិសាស្ត្រខាងលើទៅឱ្យដើមចោទជាម្ដាយឈ្មោះ ឈុន ហុឹង វិញដែរ។

ទន្ទឹមនេះសាលក្រមស្ថាពរដដែលរបស់តុលាការ ក៏សម្រេចលើកចោលពាក្យបណ្ដឹងសុំចូលជាតតិយជន ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ របស់តតីយជន ឈ្មោះ ស៊ុន កេង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូខេត្តកំពត ផងដែរ។

ការចុះអនុវត្តសាលក្រមនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់សំរោងភាគច្រើន មានការគាំទ្រ និងអបអរសាទរពាក់ព័ន្ធនឹងចំណាត់ការនៃសាលក្រម មានភាពត្រឹមត្រូវ យុត្តិធម៌របស់តុលាការ ដែលបានរកយុត្តិធម៌ជូនលោកយាយជាដើមចោទ អាយុ៨៥ឆ្នាំ មានភាពចាស់ជរា ហើយត្រូវជាម្ដាយបង្កើតរបស់ចុងចោទជាប្ដីប្រពន្ធផងដែរ។

យោងតាមសាលក្រមរដ្ឋប្បវេណីស្ថាពររបស់សាលាដំបូងខេត្តកំពត គឺដើមចោទឈ្មោះ ឈុន ហ៊ឹង បានទទួលនូវទំហំដី ៣១.៥៩ហិកតា ក្នុងទីតាំងភូមិសាស្ត្រដូចខាងលើ តាំងពីឆ្នាំ១៩៨៧ តាមរយៈការទិញជាបន្តបន្ទាប់ពីម្ចាស់ហ៊ុនជាដីស្រែអំបិលរកស៊ីផលិតអំបិល ក្នុងសហគមន៍ផលិតអំបិល ដោយដីខាងលើ គឺដើមចោទបានមកពីការទិញ-លក់ ដោយដំបូងឡើយ គឺដើមចោទជាក្រុមសាមគ្គីផលិតអំបិល ដែលមានចំនួន ១២ហ៊ុន មានសមាជិកសរុបចំនួន ៦នាក់ រួមមានឈ្មោះ ឈុន ហុឹង, ឈ្មោះ នួន ងឹម, ឈ្មោះ ស៊ុន កេង, ឈ្មោះ ឈុន មុំ, ឈ្មោះ នួន អ៊ាវ និងឈ្មោះ សួស សុផាន្នី។

ក្រោយមកម្ចាស់ហ៊ុនដទៃទៀត ក៏បានលក់ឱ្យដើមចោទជាបន្តបន្ទាប់ រហូតទាំងអស់ និងបានទិញពីប្រជាជនមួយចំនួនបន្ថែមទៀត។ ដើមចោទបានកាន់កាប់ចាត់ចែង និងអាស្រ័យផលលើដីនេះរហូតមកដោយប្រកបរបបផលិតអំបិល និងមិនទាន់បានធ្វើការចុះបញ្ជីដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិនៅឡើយ ដោយគ្មានការជំទាស់ និងដឹងឮជាសាធារណៈ។

ដើមចោទបានធ្វើអាជីវកម្មផលិតអំបិលក្នុងសហគមន៍ផលិតអំបិលដែលមានការផ្ដល់ទុនផលិតអំបិល និងមានការទទួលស្គាល់ពីសហគមន៍ផលិតអំបិល និងមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្តកំពត ដែលមានបណ្ណប៉ាតង់ត្រឹមត្រូវ ដោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ទទួលស្គាល់ឈ្មោះ ឈុន ហុឹង ជាម្ចាស់ផលិតអំបិលលើផ្ទៃដីទំហំ ៣១.៥៩ហិកតា ស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូក ខេត្តកំពត ដែលទំហំនេះបានមកពីការវាស់វែងរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានចុះស្រង់ទិន្នន័យនៅឆ្នាំ២០១៦។

ក្រោយមកនៅអំឡុងឆ្នាំ១៩៩០ ចុងចម្លើយ ឈ្មោះ ណុប សារ៉េត បានមកដណ្ដឹងយកកូនស្រីពៅរបស់ដើមចោទឈ្មោះ ហោ សុឺយ និងបានរួមរស់ជាមួយគ្នារហូតមកមិនដែលមានរឿងអ្វីនោះទេ ទើបតែនៅឆ្នាំ២០១៦ ក៏មានការទាមទារដីផលិតអំបិល ពីដើមចោទ ពីសំណាក់ចុងចម្លើយ។ ដោយមិនអាចដោះស្រាយគ្នាបានទើបប្តឹងមកសាលាដំបូងខេត្តកំពតតែម្ដង។ នាពេលកំពុងតែប្ដឹងផ្ដល់គ្នានេះ គឺមានឈ្មោះ ស៊ុន កេង បានមកសុំចូលជាតតតិយជន ដោយដាក់ពាក្យបណ្តឹង ដែលមានដើមចោទជាចុងចម្លើយក្នុងការទាមទារដីទំហំ ៥០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងចំណែកដីដែលដើមចោទ និងចុងចម្លើយកំពុងតែមានវិវាទគ្នានេះ៕