(សៀមរាប)៖ គណ:កម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំដោយលោក ទ្រី មេង រដ្ឋលេខាធិការតំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យនិងវាយតម្លៃលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួនមួយខ្សែ បន្ទាប់ពីបញ្ចប់ការងារស្ដារឡើងវិញ ដែលរងការខូចខាតដោយទឹកជំនន់។

ក្នុងឱកាសនោះដែរ លោក ទ្រី មេង បានថ្លែងថា ផ្លូវមួយខ្សែនេះ មានប្រវែង ៧០០០ម៉ែត្រ ទទឹង៧ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះចំនួន ២កន្លែង ស្ថិតនៅភូមិចំបក់ខ្ពស់ និងភូមិរូងថ្មី ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបន្តថា ផ្លូវក្រាលដីល្បាយក្រួសប្រវែង៧គីឡូម៉ែត្រដែលទើបស្ដារឡើងវិញនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការដឹកជញ្ជូនទំនិញដំណាំកសិកម្មគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋនៅជនបទ ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្ស ទៅសាលារៀន។

លោក ទ្រី មេង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាផ្លូវនេះឲ្យបានល្អសម្រាប់អនាគតវែងឆ្ងាយ។ ព្រមទាំងហាមដឹកជញ្ជូនទំនិញធុនធ្ងន់លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងគ្រោះផងដែរ។ ក្រោយពីស្ដារឡើងវិញរួចរាល់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការ ដោយប្រជាពលរដ្ឋ បានសម្ដែងការសាទរនិងសប្បាយរីករាយ ព្រោះផ្លូវមួយខ្សែនេះ ជាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះកន្លងមកមានការលំបាកធ្វើដំណើរដោយសារផ្លូវរងនូវការខូចខាតដោយទឹកជំនន់ផងដែរ។

ជាមួយនេះដែរ ប្រជាពលរដ្ឋនៅក្នុងឃុំល្វែងឬស្សី បាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្តារឡើងវិញផ្លូវមួយខ្សែនេះ សម្រាប់ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដែលបានបង្ហាញថា រាជរដ្ឋាភិបាលមានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថា ទីក្រុង ឬជនបទនោះឡើយ៕