(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់បន្ថែមថា ការផ្តល់លុយ១លានដុល្លារដល់រដ្ឋាភិបាលឡាវ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាការចូលរួម មិនមែនជាជំនួយនោះទេ។

ការលេីកឡេីងបែបនេះរបស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានធ្វេីឡេីងក្នុងសន្និសីទសារព័ត៌មានស្ដីពី អំពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសឡាវ នារសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងសន្និសីទសារព័ត៌មានរួម នៅទីក្រុងវៀងច័ន្ទ សម្ដេចធិបតី លោកប្រេីពាក្យកម្ពុជាចូលរួមថវិកា (មិនមែនជួយថវិកាទេ) ចំនួន១លានដុល្លារ ក្នុងការរៀបចំជួយរៀបចំមិត្ដឡាវ រៀបចំប្រកបដោយជោគជ័យ ជំនួបកំពូលអាស៊ាន និងជំនួបកំពូលពាក់ព័ន្ធ នាពេលខាងមុខនេះ»

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលេីកឡេីងថា ការផ្តល់លុយ១លានដុល្លារដល់រដ្ឋាភិបាលឡាវ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺជាការចូលរួម មិនមែនជាជំនួយនោះទេ ដែលប្រៀបដូចជាអ្នកជិតខាងល្អជាប់របងជាមួយគ្នា។

បន្ថែមពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ដា កាយវិការនេះ ក្លាយទៅជាប្រពៃណីមួយ ដែលមានលក្ខណៈ និងគុណសម្បត្ដិពិសេសរបស់ប្រទេសកម្ពុជា «កម្ពុជាក្រពិត តូចពិត តែកម្ពុជាមានចិត្ដ និងមានបេះដូង»

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានយល់ថា បេីសិនជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដអនុវត្ដ គឺជាទស្សនទានមួយ ជាមរតកមួយដែលបន្សល់ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា ដេីម្បីបង្ហាញពិភពលោកថា «កម្ពុជាក្រពិត តូចពិត តែកម្ពុជាមានចិត្ដ និងមានបេះដូង»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ចូលរួមថវិកាចំនួន ១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។

ការប្រកាសនេះ ធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ប្រទេសឡាវ នឹងគ្រងតំណែងជាប្រធានអាស៊ានប្ដូរវេន ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ នេះជាលើកទី៣ ដែលឡាវត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕