(សៀមរាប)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST)ចំនួន ១ ខ្សែ ប្រវែង ១១ ៩០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ, សាងសង់លូប្រអប់មុខមួយមានទ្វារទឹកចំនួន ១កន្លែង និងលូមូលគ្រប់ប្រភេទចំនួន ១០កន្លែង នៅភូមិច្រនៀង ឃុំស្រណាល ទៅភូមិ សង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នាឱកាសនោះលោក ប៊ុន ច័ន្ទវណ្ណៈ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយបានអនុវត្តគម្រោងផ្សេងៗជាច្រើន ដែលស្ថិតនៅក្រោមក្របខ័ណ្ឌក្រសួង ជាពិសេសគម្រោងស្ថាបនាផ្លូវជនបទជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ។

ជាមួយនឹងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ប្រើប្រាស់ថវិកាជំពូក ២១ខាងលើនេះ លោករដ្ឋលេខាធិការ ក៏បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។

លោក ប៊ុន ច័ន្ទវណ្ណៈ បន្ថែមទៀតថា ចំពោះការស្ថាបនាផ្លូវខាងលើនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ការបង្កភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ការជួយសម្រួលដល់សិស្សានុ សិស្សធ្វើដំណើរទៅកាន់សាលារៀន និងការដឹកជញ្ជូនអ្នកជងឺមកកាន់មណ្ឌលសុខភាពជាដើម ពោលគឺការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនៅតាមមូលដ្ឋាន ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងតភ្ជាប់មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ផ្សេងៗ។

ជាមួយនឹងការចុះពិនិត្យផ្លូវខាងលើនេះ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ រួមគ្នាថែទាំបន្ត និងត្រូវសហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ដើម្បីរក្សាគុណភាព ផ្លូវឱ្យបានគង់វង្សយូរអង្វែង៕